ព័ត៌មានទាន់ហេតុការណ៍៖

ដេប៉ូប្រេងឥន្ធនៈមួយចំនួន​ នៅតែបន្ត​រកឃើញ​ប្រកបមុខរបរមិនសុចរិត

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រី ក.ប.ប. នៅតែបន្តរកឃើញដេប៉ូប្រេងឥន្ធនៈមួយចំនួននៅតាមបណ្ដារាជធានី​ ខេត្ត​ ក្រុង​​ ដែល​​ប្រកបមុខរបរមិនសុចរិត​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​០៤ ខែមីនា​ ឆ្នាំ​២០២២​។ 

ប្រភពដដែលបន្តថា​ មន្រ្តី​សាខា ក.ប.ប. ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ នាថ្ងៃទី០១​ រហូត​ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើអធិការកិច្ចលើស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកកំពង់ស្វាយនិងស្រុកបាល័ង្គ ខេត្តកំពង់ធំ ស្រុកកំពង់ត្រឡាចនិងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្រុកស្អាងភ្នំនិងក្រុងតាខ្មៅ ខេត្តកណ្តាល និងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងគោលដៅធានាឱ្យបាននូវអនុលោមភាពក្នុងវិស័យប្រេងឥន្ធនៈ ដោយបានរកឃើញដេប៉ូប្រេងចំនួន០៥ មិនអនុលោមភាព នៅក្នុងចំណោមស្ថានីយ​ និងដេប៉ូចំនួន ២៩ទីតាំង ដែលមន្ត្រីជំនាញបានត្រួតពិនិត្យ។

ក្រោយត្រួតពិនិត្យជាក់ស្ដែង​ ជាលទ្ធផលម្ចាស់ដេប៉ូខាងលើបានទទួលស្គាល់នូវកំហុស និងព្រមទទួលពិន័យអន្តរការណ៍​ ក៏ដូចជាធ្វេីកិច្ចសន្យាកែតម្រូវផងដែរ។

គួរជម្រាបថា​ ក្នុងប្រតិបត្តិការនោះ​ដែរ​ គោលបំណងនោះគឺដើម្បីការពារនូវផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងស្វែងរកភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈដែលកើតចេញពីម្ចាស់ស្ថានីយ​ និងដេប៉ូប្រកបរបរមិនសុចរិតក្នុងវិស័យមួយនេះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖