ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី០៤ ខែមីនា ឆ្នាំ២០២២នេះថា៖ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តតាកែវ និងខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យអនុលោមភាពនៃទំនិញហូបចុក នៅតាមបណ្តាផ្សារ ម៉ាត និងផ្ទះលក់ទំនិញ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ និងស្រុករមាសហែក ខេត្តស្វាយរៀង។
ក្រោយការត្រួតពិនិត្យមន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតទំនិញមិនអនុលោមចម្រុះចំនួន ៣០១.៨៦គីឡូក្រាម និងអាល់កុលក្លែងក្លាយ(មេតាណុល)ចំនួន ៣៨លីត្រ យកមករក្សាទុក រង់ចាំនីតិវិធីកម្ទេចចោល។ ដោយឡែក អាជីវករដែលបានដាក់លក់ទំនិញខុសប្រក្រតីទាំងនោះ ព្រមទទួលការណែនាំ និងទទួលពិន័យអន្តរការណ៍។
ក្នុងថ្ងៃនោះផងដែរ មន្រ្តីសាខាក.ប.ប. ខេត្តត្បូងឃ្មុំ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តចុះឃ្លាំពិនិត្យ ទំនិញ បន្លែ ផ្លែឈើ នាំចូលពីបរទេស តាមបណ្តោយផ្លូវជាតិលេខ៧២ ក្នុងស្រុកពញាក្រែក។
ក្រោយត្រួតពិនិត្យជាក់ស្ដែង មន្ត្រីជំនាញបានធ្វើតេស្តបឋមស្វែងរកសារធាតុគីមី និងសំណល់ថ្នាំកសិកម្មលេីបន្លែ ផ្លែឈេីស្រស់មួយចំនួន ដែលជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃេីញភាពមិនអនុលោមលេីគំរូផលិតផលទាំងនោះឡេីយ៕
ដោយ៖ស តារា