ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីហិង្សាក្នុងពិធីមង្គលការមួយកន្លែងដែលបណ្ដាលឱ្យបុរសម្នាក់រងរបួសក្បាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះសិ ហូត អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទ៍និងឈ្មោះហេង ហៃ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ។
ចំណែកម្ចាស់ផ្ទះការមានឈ្មោះព្រាប សូត ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
រីឯបុរសរងគ្រោះមានឈ្មោះថា លីជុង មុខរបរកម្មកររោងចក្រអាយុ២៥ឆ្នាំ នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង រងរបួសក្បាល។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានភ្ញៀវជាច្រើនបាននាំគ្នាចូលរួមពិសា ភោជនាហារក្នុងពិធីមង្គលការដោយម្នាក់ៗមានទឹកមុខយ៉ាងសប្បាយរីករាយទាំងភ្ញៀវកូនកំលោះនិងកូនក្រមុំ។
ប្រភពបន្តថា លុះនៅវេលាកើតហេតុស្រាប់តែមានក្មេងពីរក្រុមបានផឹកសុីស្រវឹង រួចមានជម្លោះពាក្យសម្តីគ្នារហូតឈានទៅបើកឆាកប្រយុទ្ធគ្នាផ្អើលពេញរោងការបណ្ដាលឱ្យភ្ញៀវរត់ប្រសេចប្រសាចនិងមានបុរសម្នាក់រងរបួស។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង សមត្ថកិច្ចបានមកដល់ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់យកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលស្វាយតាយាននិងយកជនរងគ្រោះទៅព្យាបាលមុខរបួសផងដែរ៕
ដោយ៖យឹម សុថាន