ព័ត៌មានទាន់ហេតុការណ៍៖

«លោកប្រធានាធិបតីចិន ថ្វាយតង្វាយ ថ្វាយព្រះពរស្វាគមន៍ព្រះរាជដំណើរស្តេចយាងដល់រដ្ឋធានីប៉េកាំង»

ចែករំលែក៖

 

សាធារណរដ្ឋប្រជាមានិតចិន : នាវេលារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ម្សិលមុិញ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី បានថ្វាយនូវកន្រ្តកផ្កាដ៏ស្រស់ល្អ ផ្លែឈើដ៏មានឱជារស វត្ថុអនុស្សាវរីយ៍ដ៏វិចិត្រៗ ដែលជាផលិតផលក្នុងស្រុកដ៏ល្អវិសេសវិសាល ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាកិច្ចថ្វាយព្រះពរសា្វគមន៍ដ៏កក់ក្តៅ ក្នុងឱកាសព្រះអង្គទាំងទ្វេស្តេចសព្វព្រះរាជហឫទ័យគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព ក្នុងរដ្ឋធានីប៉េកាំង។

សូមបញ្ជាក់ថា,  នៅព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សម្តេចតេជោ ហ៊ុនសែន សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

ដោយ ៖ សិលា


ចែករំលែក៖