ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូម្ខាងទៀតស្លាប់ម្នាក់របួសធ្ងន់២នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់បណ្ដាលអោយយុវជនម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី៤ខែមីនាឆ្នាំ២០២២ស្ថិតក្នុងភូមិកំពោតម្រាក់ឃុំពពែតស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសដែលបានម៉ូតូបង្កហេតុមានឈ្មោះខាត់ វ៉ាន់ធួន អាយុ ៣០ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអីស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង១L៨៧៨០ខូចខាតធ្ងន់។

ចំណែកភាគីរងគ្រោះដែលស្លាប់មានឈ្មោះសូ សុផាត អាយុ១៨ឆ្នាំ មុខរបរ សិស្ស និងរួមដំណើរម្នាក់ទៀតត្រូវជាម្ដាយឈ្មោះ ថាច់ ស៊ីដេត  អាយុ៣៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ អ្នកទាំងពីររស់នៅភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខស្វាយរៀង១Q.០០៨៦ខូចខាតធ្ងន់។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខស្វាយរៀង១Q.០០៨៦ខណៈបានឌុបម្ដាយនៅពីក្រោយដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងខណ:នោះស្រាប់តែមានបុរសម្នាក់បាមជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង១L.៨៧៨០ក្នុងទិសដៅបញ្ច្រាសគ្នាហើយបើកមិនប្រកាន់ស្ដាំក្នុងល្បឿនលឿនក៏បុកគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់បង្កការភ្ញាក់ផ្អើលតែម្ដង។        បច្ចុប្បន្ន អ្នករបួសធ្ងន់ទាំងពីរនាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកជីភូ ចំណែកសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណ:វត្ថុតាងមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលពពែតដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖