សមាជិកនៃគណៈប្រតិភូកិច្ចពិភាក្សារបស់ប្រទេសអ៊ុយក្រែនបានឱ្យដឹងថា កិច្ចពិភាក្សាលើកទីបី ជាមួយរុស្ស៊ីនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៧ខែមីនាឆ្នាំ២០២២នេះ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រធានគណៈប្រតិភូអ៊ុយក្រែន លោក David Arakhamia បានលើកឡើងថា រុស្ស៊ីនិងអ៊ុយក្រែននឹងបន្តពិភាក្សានៅថ្ងៃទី៧ខែមីនានេះ។
ក្នុងពេលជាមួយគ្នានោះដែរ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជួបពិភាក្សាជាមួយប្រធានាធិបតីពូទីនតាមទូរស័ព្ទស្តីពីកិច្ចពិភាក្សាជាមួយអ៊ុយក្រែនដើម្បីបញ្ចប់ភាពតានតឹងក្នុងតំបន់។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយថា ការប្រើវោហារសាស្រ្តធ្ងន់ៗប្រឆាំងរុស្ស៉ីរបស់ទីក្រុងវ៉ាស៉ីនតោន បានឈានដល់ចំណុចមួយដែលគ្មានហេតុគ្មានផល និងកំពុងបង្កហានិភ័យយ៉ាងខ្លាំងបំផុតសម្រាប់សន្តិសុខអន្តរជាតិ។
ការមានប្រតិកម្មដូចខាងលើ ពីសំណាក់ទីក្រុងមូស្គូកើតមាន បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក លោក រិគ ស្កុត (Rick Scott) បានលើកឡើងក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះថា «ការបញ្ជូនកងទ័ពអាមេរិកទៅកាន់អ៊ុយក្រែនមិនគួរត្រូវមើលរំលងទាំងស្រុងឡើយ។ យើងគួររក្សាជម្រើសគ្រប់ទាំងអស់ឱ្យនៅបើកចំហ ហើយខ្ញុំគិតថា យើងមិនគួរដកជម្រើសនេះចេញពីការពិចារណានោះទេ»។
ឆ្លើយតបចំពោះការលើកឡើងរបស់លោក Scott លោក Antonov បាននិយាយថា ពាក្យសម្តីនេះអាចត្រូវចាត់ទុកជាការអំពាវនាវឱ្យ មានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ រវាងកំពូលមហាអំណាចនុយក្លេអ៊ែរពិភពលោកយ៉ាងដូច្នោះ ហើយលោកបានទទូចឱ្យសមាជិកសភាអាមេរិកទាំងឡាយ វិលទៅរកសុភនិច្ឆ័យឡើងវិញ និងធ្វើការដើម្បីស្តារកិច្ចសន្ទនា។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់អ្នកនាំពាក្យសេតវិមានកាលពីសប្តាហ៍កន្លងទៅ ពុំមានសេណារីយ៉ូណាមួយដែលសហរដ្ឋអាមេរិក នឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែននោះឡើយ៕ ដោយ៖ធីរីណា
ប្រភពរូបថត៖petrotimes.vn