ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់រងរបួសដេរ១០ថ្នេរខណៈស្ត្រីម្នាក់ទប់កំហឹងមិនបានក៏យកកាំបិតកាប់ទៅលើបុរសរូបនោះដោយខឹងនិងការជេប្រមាថព្រោះតែផឹកចំស្រារករឿងតែត្រូវសមត្ថកិច្ចឃាត់ខ្លួនស្ត្រីជាជនបង្កបានភ្លាមៗ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៦ខែមីនាឆ្នាំ២០២២នៅចំណុចភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបានឲ្យដឹងថាស្ត្រីដែលប្រើហិង្សាទៅលើបុរសរងគ្រោះនោះមានឈ្មោះ បូ លន់ អាយុ៥២ឆ្នាំ នៅភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី។
ចំណែកបុរសរងគ្រោះមានឈ្មោះ ណយ រឿន អាយុ៣០ឆ្នាំ ស្នាក់ភូមិឃុំជាមួយគ្នា ហើយរងរបួសបែកក្បាលដេរ១០ថ្នេរនៅមន្ទីរពេទ្យស្រុកគងពិសី។
នគរបាលមូលដ្ឋានបានឱ្យដឹងទៀតថា មូលហេតុដែលបង្កឲ្យមានអំពើហិង្សាកើតឡើងគឺដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងហើយដើរករឿងអ្នកជិតខាងនិងជេរប្រមាថទើបធ្វើឲ្យស្ត្រីសង្ស័យខាងលើទប់កំហឹងមិនបានក៏យកកាំបិតកាប់ទៅលើជនរងគ្រោះតែម្តងទៅ។
បច្ចុប្បន្នស្ត្រីសង្ស័យខាងលើបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា