ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនៅព្រឹកថ្ងៃចន្ទទី០៧ ខែមីនា ឆ្នាំ២០២២នេះថា៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ មានសន្ទុះវិជ្ជមានឡើងវិញ បន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា ដោយភ្ញៀវសរុបមានចំនួន១៩៩.៤២៩នាក់ ក្នុងនោះភ្ញៀវជាតិ១៨៨.៣៣៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១.០៩១នាក់។
ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ២០,៨៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ខណៈដែលអត្រាការឆ្លងនៃជំងឺកូវីដ-១៩ (ប្រភេទអូមីក្រុង) មានលក្ខណៈថមថយខ្លះធៀបនឹងសប្តាហ៍កន្លងមក ភ្ញៀវទេសចរបានចាប់ផ្តើមដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍តាមខេត្តឡើងវិញជាបណ្តើរៗ ប៉ុន្តែតាមការសង្កេតជាក់ស្តែង ចរន្តភ្ញៀវពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក៏នៅមិនទាន់មានចំនួនច្រើននៅឡើយធៀបនឹងរយៈពេលមុនមានការកំរើកឡើងនៃវីរុសប្រភេទអូមីក្រុង។
គួរជម្រាបថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុទទួលបានទេសចរចំនួន ៤០.០១២នាក់, រាជធានីភ្នំពេញ ២៤.១០១នាក់, ខេត្តពោធិ៍សាត់ ២៣.៥១៨នាក់, ខេត្តបាត់ដំបង ២០.៥៩០នាក់, ខេត្តកំពត ១៩.៣៦១នាក់, ខេត្តសៀមរាប ១៨.៦០៩នាក់, ខេត្តកែប ៦.៣១៦នាក់, ខេត្តកំពង់ស្ពឺ ៥.៨៧៧នាក់, ខេត្តមណ្ឌលគិរី ៥.០៣១នាក់។
បើសិនជានិន្នាការនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បន្តថមថយចុះ ចរន្តភ្ញៀវទេសចរផ្ទៃក្នុង នឹងមានភាពផុសផុលត្រលប់មកវិញ ពិសេសអាចវិលទៅរកស្ថានភាពមុនការកម្រើកនៃប្រភេទអូមីក្រុងនេះ ដូចកាលពីកំឡុងចុងខែមករា និងដើមខែកុម្ភៈកន្លងមក។ ខណៈដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយកចិត្តទុកដាក់ខ្លាំងជាងមុន ពិសេសការអនុវត្តវិធានការជាមូលដ្ឋាន «៣កុំ និង ៣ការពារ» ដោយបារម្ភខ្លាចប្រភេទអូមីក្រុង ដែលមានការចម្លងលឿន។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាលនៅតែបន្តសហការជាមួយមន្ទីរ និងស្ថាប័នពាក់ពាន់ខិតខំជំរុញការអនុវត្តន៍វិធានការ៣កុំ និង៣ការពារ វិធានសុវត្ថិភាពទេសចរណ៍ និង SOP ជាប្រចាំ បើទោះអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្តខ្លះក៏ដោយ៕
ដោយ៖ស តារា