ព័ត៌មានទាន់ហេតុការណ៍៖

«ទេសចរណ៍ធម្មជាតិជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានព្រោះបានបង្កើតការងារ ផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ»

ចែករំលែក៖

ភ្នំពេញ ៖ «ទេសចរណ៍ធម្មជាតិជាចលករមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានព្រោះបានបង្កើតការងារ ផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នេះ ក្នុងអំឡុងពេលដឹកនាំក្រុមការងារចម្រុះមកពីក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរដែនដី និងមន្ទីរជំនាញចុះពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម ១០ ហិកតាចំនួន ១៦ គម្រោងនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោក្នុងភូមិសាស្ត្រសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ 

លោករដ្ឋលេខាធិការបានថ្លែងថាក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមស្គាល់ច្បាស់ពៅតម្លៃនៃទេសចរណ៍ធម្មជាតិ និងបានដើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិនានា។ ជាមួយនឹងការដើរទស្សនាកម្សាន្ត និងការស្នាក់នៅ ភ្លក្សមុខម្ហូបរបស់ប្រជាសហគមន៍ ភ្ញៀវទេសចរបានចូលរួមផ្សព្វផ្សាយនូវទេសភាពដ៏ស្រស់ស្អាតនៃតំបន់ការពារធម្មជាតិដល់ប្រជាពលរដ្ឋផ្សេងទៀត ជាការទាក់ទាញការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋផ្សេងទៀតឱ្យធ្វើដំណើរកម្សាន្ត។ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយកករោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាមានឱកាសពេញលេញក្នុងការការពារនិងអភិរក្សតំបន់ការពារធម្មជាតិ ហើយបច្ចុប្បន្ន កាន់តែមានភាពល្អប្រសើរ និងជាការផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាបានស្គាល់កាន់តែច្បាស់នូវសក្តានុពលរបា់ប្រទេសខ្លួន និងបានស្គាល់នូវតំបន់នានាដែលមានទេសភាពល្អស្អាតជាទីទាក់ទាញ។ 

«យើងបានឃើញនិងទស្សនាទេសភាពល្អស្អាតទាំងនេះទើបតែក្នុងពេលនេះតែប៉ុណ្ណោះ គឺក្នុងសម័យកាលតេជោសន្តិភាព»។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងដូច្នេះ ដោយបានថ្លែងថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត។ លោកបានថ្លែងថា ជាមួយការចូល រួមពីវិស័យឯកជនក្នុងការការពារនិងអភិរក្សធនធានធម្មជាតិតាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ខេត្តកំពតដែលមួយផ្នែកគ្របដណ្តប់ដោយផ្ទៃដីឧទ្យានជាតិ នឹងមានការរីករាយ កាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកសមុទ្រមួយយ៉ាងសំខាន់បំផុត៕

ដោយ ៖ សហការី


ចែករំលែក៖