ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋាន” ក​.​ប​.​ប”​ រយៈពេល ២ខែដើមឆ្នាំ​២០២២នេះ​ មន្ត្រីជំនាញ​ ​ចុះ​ត្រួតពិនិត្យភាព​អនុលោមពាក់ព័ន្ធ​នឹង​អាជីវករលក់ប្រេងឥន្ធនៈនៅ​ទូទាំងប្រទេសបាន​ចំនួន ៧៦៨ប្រកប​អាជីវកម្ម​មិន​សុចរិត​

ចែករំលែក៖

​.   ភ្នំពេញ​៖​ លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប នៃ​ក្រសួង​ពាណិជ្ជកម្ម បានថ្លែង​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២២នេះថា​៖​ គិត​ចាប់ពី​ខែមករា និង​ខែកុម្ភៈ ដើមឆ្នាំ​២០២២នេះ អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​រកឃើញ​ស្ថានីយ និងដេប៉ូ​នានា ដែល​មិន​អនុលោម ទៅនឹង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​ការធ្វើ អាជីវកម្ម ប្រេងឥន្ធនៈ ចំនួន ២៦៧ កន្លែង ក្នុងចំណោម​ទីតាំង បាន​ចុះ​ត្រួតពិនិត្យទូទាំងប្រទេស ចំនួន ៧៦៨កន្លែង​។​

​លោក ផាន អូន បានគូសបញ្ជាក់ថា​៖ ក្នុង​រយៈពេល ២ខែ ដើមឆ្នាំ​២០២២ មន្ត្រី ក​.​ប​.​ប​. បាន​ចុះ​ត្រួតពិនិត្យ ភាព​អនុលោម ទៅនឹង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្មប្រេងឥន្ធនៈ នៅតាម​បណ្តាស្ថានីយ និង​ដេប៉ូ​នានា នៅ​ទូទាំងប្រទេស បាន​ចំនួន ៧៦៨ ដោយ​រកឃើញ​ដេប៉ូ ប្រេងឥន្ធនៈ ចំនួន ២៦៧ ស្មើនឹង ៣៤,៧៦% ប្រកប​អាជីវកម្ម​មិន​សុចរិត​។

​លោកអគ្គនាយករូបនេះ​ ថ្លែង​បន្តថា​ ដោយឡែកក្នុង​រយៈពេល ២​ខែ ចុងឆ្នាំ​២០២១ (​វិច្ឆិកា និង ធ្នូ​) មន្ត្រី ក​.​ប​.​ប​. បាន​ចុះ​ត្រួតពិនិត្យ ភាព​អនុលោម ទៅនឹង​បទ​ប្បញ្ញត្តិ ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម ប្រេងឥន្ធនៈ នៅតាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​នានា នៅ​ទូទាំងប្រទេស បាន​ចំនួន ៦៦៣ ដោយ​រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ ចំនួន ២៥៤ ស្មើនឹង ៣៨,៣១% ប្រកប​អាជីវកម្ម​មិន​សុចរិត​។ បើ​ប្រៀបធៀប​ជាមួយ រយៈពេល​ដូចគ្នា​គ្នា នៃ​ឆ្នាំ​២០២១ (​ពីរ​ខែ​ចុងឆ្នាំ​) បទល្មើស​ពាក់ព័ន្ធ នឹង​អាជីវកម្ម​ប្រេងឥន្ធនៈ មានការ​ថយចុះ ចំនួន ៣,៥៥%​។​

​ដោយឡែក​ជុំវិញករណី អ្នក​ប្រកប​អាជីវកម្ម​មិន​សុចរិត​ខាងលេីនេះ​ដែរ​ លោក​អគ្គនាយក​រូប​នេះ​ បានសង្កត់ធ្ងន់ថា​៖ “​យើង (​ក​.​ប​.​ប​.) បាន​មើល​អស់ ទើប​យើង​សរុប ពិនិត្យមើល​ទិន្នន័យ លើក​ទី​២​ទៀត ហើយ​ស្នើរ​សុំ​គោល ការណ៍​របស់ គណៈកម្មាធិការ​ជាតិ ការពារ​អ្នកប្រើប្រាស់ បើ​មាន​កំហុស​លើក​ទី​៣ យើង​នឹងមាន​វិធានការ យ៉ាងម៉េច ដើម្បី​អនុវត្តន៍​វិធានការ ពិន័យ​អន្តរការណ៍ ព្រោះ​ជា​បទល្មើស ដែលជា​កំហុស​ទី​១ ដើម្បី​ស្នើរ​សុំ​ឲ្យ​ធុរជន ធ្វើការ​កែតម្រូវ​”​។​

​គូសបញ្ជាក់ថា បច្ចុប្បន្ន​នៅប្រទេសកម្ពុជា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២ ត្រូវបាន​ដាក់លក់ ក្នុងតម្លៃ ៤.៨០០រៀល ក្នុង​១​លីត្រ សម្រាប់​សាំង​ធម្មតា​។ រីឯ​ប្រេងម៉ាស៊ូត ថ្លៃ ៤.៥០០រៀល ក្នុង​១​លីត្រ​។ ដោយឡែកប្រេង​ស៊ុប​ពែរថ្លៃ ៥.៣៥០រៀល នៅក្នុង​១​លីត្រ​៕

ដោយ​៖សហការី​


ចែករំលែក៖