ភ្នំពេញ ៖ យោងតាមការឱ្យដឹងពីមន្ត្រីអាជ្ញាធរខណ្ឌទួលគោកនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២បានចេញសេចក្តីប្រកាសព័ត៌មានថា រដ្ឋបាលរាជធានីភ្នំពេញតម្រូវឱ្យរៀបចំសណ្តាប់ធ្នាប់សាធារណៈទូទាំងរាជធានីភ្នំពេញ តាមរយៈសេចក្តីណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីឈានទៅរកការរក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍ លើកកម្ពស់សោភណភាពទីក្រុង និងតម្រង់ទិសការប្រើប្រាស់ចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញឱ្យចំទិសដៅសម្រាប់ប្រយោជន៍សាធារណៈ ដើម្បីកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ និងធ្វើឱ្យមានអនាម័យ បរិស្ថានល្អ រក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយតាមដងផ្លូវ។
ដោយឡែកវិថីម៉ៅសេទុង(ផ្លូវលេខ២៤៥) ក៏ជាផ្លូវអាទិភាពមួយខ្សែក្នុងចំណោមផ្លូវអាទិភាពទាំង១១ខ្សែដែលសាលារាជធានីភ្នំពេញបានចេញសេចក្តីណែនាំក្នុងការរៀបចំសណ្តាប់ធ្នាប់ផងដែរ។
សូមបញ្ជាក់ឱ្យដឹងថា កន្លងមកអាជ្ញាធរខណ្ឌទួលគោកបានអនុវត្តវិធានការអប់រំ ដោយបានចេញនូវសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសា និងផ្សព្វផ្សាយគ្រប់មធ្យោបាយដោយតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរនៅក្នុងការអនុវត្តការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយវិថីម៉ៅសេទុង(ផ្លូវលេខ២៤៥) នេះ ។ ប៉ុន្តែផ្ទុយទៅវិញបងប្អូនអាជីវករមួយចំនួននៅតែបន្តសកម្មភាពលក់ដូរយ៉ាងអនាធិបតេយ្យនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវនេះដដែល ដូច្នេះរដ្ឋបាលខណ្ឌគ្មានជម្រើសណាក្រៅពីការអនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមសេចក្តីជូនដំណឹងនានា របស់អាជ្ញាធរខណ្ឌដែលបានដាក់ចេញកន្លងមកនោះទេ។
ជាក់ស្តែង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក រួមជាមួយនឹងកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តនូវវិធានការរដ្ឋបាល តែនៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ អំឡុងពេលកម្លាំងសមត្ថកិច្ចចុះអនុវត្តវិធានការរដ្ឋបាល មានជនមួយក្តាប់តូច បានធ្វើសកម្មភាពញុះញង់ និងរារាំង កម្លាំងសមត្ថកិច្ចដោយប្រើហិង្សា និងយកសម្ភារផ្សេងៗគប់ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើមន្ត្រី និងកងកម្លាំងដែលកំពុងបំពេញភារកិច្ច ។
លើសពីនេះទៅទៀត នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ជនមួយចំនួនដដែលនោះនៅតែបង្កើនសកម្មភាពញុះញង់ និងរារាំងខ្លាំងជាងមុន ដោយអ្នកខ្លះបានគប់ផ្លែឈើ និងជេរប្រមាថធ្ងន់ៗមកលើមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងបានយកសម្ភារៈផ្សេងៗមកគរបិទកំណាត់ផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) ធ្វើឱ្យកកស្ទះ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៀតផង ។ ក្នុងន័យនេះ អាជ្ញាធរខណ្ឌសូមជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ពិសេសជនដែលបានប្រើហិង្សាកន្លងមក សូមបញ្ឈប់សកម្មភាពបង្កការញុះញង់បង្កើតជាបទល្មើសជាបន្ទាន់ ហើយងាកមកចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ។
ករណីនៅតែបន្តសកម្មភាពល្មើសតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ។
អាជ្ញាធរខណ្ឌទួលគោកជឿជាក់យ៉ាងមុតមាំថា បុគ្គលដែលមានការពាក់ព័ន្ធ នឹងចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ៖ អរុណរះ