ព័ត៌មានទាន់ហេតុការណ៍៖

ចិនបញ្ជាក់ជាថ្មីពីទំនាក់ទំនងយ៉ាងរឹងមាំជាមួយរុស្ស៊ី

ចែករំលែក៖

នៅថ្ងៃទី៧ ខែមីនា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានបញ្ជាក់ថា ទំនាក់ទំនងមិត្តរវាងចិននឹងរុស្ស៊ី គឺពិតជារឹងមាំ បើទោះបីមានការប្រឆាំងពីបណ្តាប្រទេសលោកខាងលិចនៅក្នុងសង្គ្រាមរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនក្តី។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានបញ្ជាក់ថា «ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ហើយប្រទេសទាំងពីរនឹងបង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរថែមទៀតនាពេលអនាគត។ លោកវ៉ាង យី បញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ីនឹងចិន មិនមែនជាគោលដៅបង្កហេតុពីប្រទេសទីបីនោះឡើយ។
រដ្ឋមន្ត្រីការបរទេសចិន បានបង្ហាញក្តីសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែន នឹងទទួលបានលទ្ធផលល្អនៅក្នុងជំនួបពិភាក្សាលើកទីបី។ លោកវ៉ាង យីបញ្ជាក់ទៀតថា ការដោះស្រាយទៅលើបញ្ហាស្មុគស្មាញចាំបាច់ត្រូវតែអត់ធ្មត់ និងមានស្មារតីរឹងមាំទើបមិនធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ថែមទៀត។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិន ក្រោយពេលមានប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមាននាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morison ប្រកាសថា ចិនចាំបាច់ត្រូវតែធ្វើសកម្មភាពដើម្បីស្វែងរកសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន។ ចិនដើរតួនាទីជាមហាអំណាចមួយក្នុងចំណោមមហាអំណាចនៅលើពិភពលោក ដែលត្រូវចូលរួមសកម្មភាពដើម្បីស្ថិរភាពនិងសន្តិភាពនៅទូទាំងពិភពលោក៕ ដោយ៖ ធីរីណា

រូបថត៖News NPR


ចែករំលែក៖