ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់បើកម៉ូតូមិនគោរពសិទ្ធអាទិភាពបុកម៉ូតូម្ខាងទៀតរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នារីជាកម្មការិនីរោងចក្រម្នាក់រងរបួសធ្ងន់និងបុរសម្នាក់រងរបួសស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលទាំងក្បាលព្រលប់។

ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦១-១៦២ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថានារីរងគ្រោះមានឈ្មោះ នុត ស្រីឡែន អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងជិះម៉ូតូម៉ាក HONDA C១២៥ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q៧០៤៧ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីបុរសបង្កមានឈ្មោះជុំ សារិន អាយុ ៦១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងបើកបរម៉ូតូម៉ាកហុងដាវ៉េវ ព៌ណខ្មៅលាយក្រហម ពាក់ស្លាកលេខវៀតណាម ៧០-D១ ២៥៨.៧២ ។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញបុរសចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ព៌ណខ្មៅលាយក្រហម ពាក់ស្លាកលេខវៀតណាម ៧០-D១ ២៥៨.៧២ លើផ្លូវជាតិលេខ១ ក្នុងទិសដៅពីជើងទៅត្បូង មិនគោរពសិទ្ធអាទិភាពស្រាប់តែបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA C១២៥ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q៧០៤៧ក្នុងទិសដៅពីលិចទៅកើតយ៉ាងពេញទំហឹង លាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលទាំងក្បាលព្រលប់និងត្រូវបានសមត្ថកិច្ចហៅក្រុមគ្រួសារយករថយន្តសាមុយដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះជីវិត។

ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយបន្តពេលក្រោយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖