ខេត្តកោះកុង៖ កម្លាំងនគរបាលប៉ុស្តិ៍ និងក្រុងខេមរភូមិន្ទ បានឃាត់ខ្លួន បុរសម្នាក់ ដែលប្រើអំពើហិង្សា វាយតបប្រពន្ធ រហូតដល់ស្លាប់ នៅនឹងកន្លែង ដោយបច្ចុប្បន្ន បានបញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្ត អនុវត្តនីតិវិធីបន្ត។
លោក យស់ ចាន់វិចិត្រ អធិការនគរបាល ក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នេះថាៈ ជនសង្ស័យ ជាប្តីឈ្មោះ ឈឿន ស៊ុងកាន អាយុ ៤៥ ឆ្នាំ មុខរបរជា អ្នកនេសាទ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
លោកបានបន្តថាមូលហេតុដែលធ្វើឱ្យបុរសជាប្តី ប្រើអំពើហិង្សា ដោយដៃជើង វាយទាត់ធាក់ទៅលើស្ត្រី ជាប្រពន្ធ បណ្តាលឱ្យស្លាប់ភ្លាមនោះ កើតចេញពីការស្រវឹងស្រា និងភ្លើងប្រចណ្ឌ។
បើតាមលោកអធិការនគរបាល ក្រុងខេមរភូមិន្ទ ករណីប្តីប្រើហិង្សា លើប្រពន្ធ ឈ្មោះ សូ សុភ័ស្ត អាយុ ៣៧ នាក់ កើតឡើងកាលពីថ្ងៃទី៦ ខែមីនា នាវេលាម៉ោង ១និង៣៧នាទី រំលងអធ្រាត្រ ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថាៈ បុរសជាប្តី ធ្លាប់យកបងស្រីរបស់ ស្ត្រីជនរងគ្រោះ ធ្វើជាប្រពន្ធ ក្រោយបងស្រីគាត់ស្លាប់ ដោយសារផឹកស្រាច្រើន ក៏ជនសង្ស័យ បន្តយកស្ត្រីរងគ្រោះ (សុភ័ស្ត) ធ្វើជាប្រពន្ធបន្ត ហើយនាងក៏ផឹកស្រាច្រើន ដូចបងស្រីនាងដែរ។
បច្ចុប្បន្ន បុរសជាជនសង្ស័យ ត្រូវបានបញ្ជូនខ្លួន និងសំណុំរឿង ទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តកោះកុង ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់៕
ដោយ៖អរុណរះ