ខេត្តសៀមរាប ៖ ថ្មីៗកន្លងមកនេះ មានក្រុមហ៊ុនផលិតកម្មបទចំរៀងដ៏ល្បីមួយ បានមកថតសំដែងកាយវិការនៅក្នុងតំបន់អង្គរ ដោយយកទង់ជាតិខ្មែរមកច្នៃធ្វើជាសម្លៀកបំពាក់ ក្នុងការសម្តែងធ្វើឲ្យមាន ផលបះពាល់ដល់អត្តសញ្ញាណជាតិ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃក្នុងបណ្តាញសង្គមកន្លងមក ។ ក្នុងនោះដែរមន្ត្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានបញ្ចេញប្រតិកម្មចំពោះការយកទង់ ជាតិកម្ពុជាមកច្នៃធ្វើជាសម្លៀកបំពាក់ ដែល ជាទង្វើមិនត្រឹមត្រូវទាល់តែសោះ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខប្រាសាទអង្គរវត្ត នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ។
លោក ឡុង កុសល អគ្គនាយករង និង ជាអ្នកនាំពាក្សអាជ្ញាធរជាតិអប្សរាមាន ប្រសាសន៍ថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនមួយបានដាក់ពាក្យសុំមកកាន់អាជ្ញាធរជាតិអប្សរា ដើម្បីថតចម្រៀង នៅក្នុងការអនុញ្ញាតនោះ អាជ្ញាធរជាតិអប្សរាមិនបានដឹងថា មានការយកទង់ ជាតិរបស់ខ្មែរមកគ្រងជាឯកសណ្ឋាននោះទេ ។ ប៉ុន្តែបន្ទាប់ពីឃើញសកម្មភាពរបស់ក្រុមហ៊ុនមួយបានធ្វើបែបនេះ ខាងអាជ្ញាធរអប្សរាក៏បានតម្រូវឲ្យដកចេញនូវឈុតដែលមានការយកទង់ជាតិមកច្នៃជាសម្លៀកបំពាក់នេះ ឥឡូវខាងភាគីក្រុមហ៊ុនក៏បានកែសម្រួលរួចហើយដែរ ។
លោក ឡុង កុសល បានបន្តទៀតថា ចំពោះទង្វើទាំងនេះ ឲ្យថាខុសក៏មិនខុសដែរ តែមិនសមរម្យ។ អ្វីមិនសមរម្យនោះត្រង់ថា ទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺជានិមិត្តសញ្ញារបស់ជាតិមួយដែលយើងទាំងអស់គ្នាជាជនជាតិខ្មែរគោរព ហើយមិនមែនត្រឹមតែយើងទាំង អស់គ្នាជាជនជាតិខ្មែរទេ ក៏ប៉ុន្តែទទួល ស្គាល់ជាលក្ខណៈសកលលោកទូទៅផងដែរ ។ ម៉្យាងវិញទៀត ទង់ជាតិនេះ គឺយើងទាំងអស់គ្នាតែងតែបង្ហូតឡើងទៅលើដោយអមជាមួយនឹងបទភ្លេងជាតិ នឹងស្មារតីស្នេហាជាតិ ស្រឡាញ់ទឹកដី ស្រលាញ់ជាតិមាតុភូមិរបស់យើងគ្រប់ៗគ្នា។
លោកបានបញ្ជាក់ថា ការយកទង់ជាតិមកច្នៃជាសម្លៀកបំពាក់នេះ វាបានធ្វើឲ្យមានផលប៉ះពាល់ខ្លាំងណាស់ដល់កិត្យានុភាពរបស់ប្រទេសជាតិ គឺទង់ជាតិជាដួងព្រលឹងរបស់ជាតិ នៅពេលដែលយើងគោរពទង់ជាតិ យើងតែងតែច្រៀងនូវចម្រៀងជាតិ អមដោយបទភ្លេងជាតិដែលយើងទាំងអស់គ្នាគោរពស្រលាញ់ដោយស្មោះស្ម័គ្រអស់ពីបេះដូង ។ ទង់ជាតិត្រូវបានប្រើសម្រាប់ផ្តល់ជាកិត្តិយស ដោយយកទៅគ្របពីលើម្ឈូសរបស់បុគ្គលសំខាន់ៗ ដូចជាឥស្សរជនឆ្នើមរបស់ជាតិ ឬដល់កងទ័ព ដែលពួកគាត់បានពលីជីវិត ដើម្បីជាតិជាដើម ។
ដូច្នេះសម្រាប់យុវជនដែលចង់បង្ហាញនូវការស្រលាញ់ជាតិ ការស្រលាញ់វប្បធម៌នោះ គួរគប្បីចូលរួមលើកតម្កើងនូវតម្លៃរបស់ជាតិ ដូចជាការចូលរួមកុំចោលសម្រាមផ្តេសផ្តាសនៅតាមរមណីយដ្ឋាន ឬតាមប្រាសាទនានា កុំដើរជាន់ស្មៅដែលអាជ្ញាធរជាតិអប្សរាខំដាំខំថែឲ្យមានសោភណ្ឌភាពស្រស់បំព្រង និង សូមចតរថយន្តនៅតាមទីចំណតដែលបានរៀបចំនោះ គឺជាការចូលរួមយ៉ាងធំធេងបំផុត ៕
ដោយ៖ សូរិយា