ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! ករណី​ប្រជាពលរដ្ឋឃុំព្រែកខ្សាច់ នាំគ្នាផ្ដិតមេដៃស្នើសម្ដេចក្រឡាហោម​ ស​ ខេង​ សុំផ្លាស់ប្ដូរស្មៀនឃុំ​ព្រែកខ្សាច់ ពេលនេះក្រសួងមហាផ្ទៃ ចេញលិខិតឱ្យអភិបាលខេត្តកោះកុង​ធ្វើការ​ស្រាវជ្រាវ​ហើយ​

ចែករំលែក៖

ខេត្ត​កោះកុង៖ ប្រជាពលរដ្ឋ​រស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង​ បាននាំគ្នា​សារទរ​ចំពោះ​ចំណាត់​ការ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ ក្រោមការដឹកនាំរបស់សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានចេញលិខិតជម្រាបមក​លោកស្រី​ មិថុនា​ ភូថង​ អភិបាល​ នៃ​គណៈអភិបាលខេត្តកោះកុង​ ចុះសិក្សាស្រាវជ្រាវពាក់ព័ន្ធ​ករណី​លោក ហឿង ប៊ុនហេង ដែល​បច្ចុប្បន្ន​ជាស្មៀនឃុំព្រែកខ្សាច់​ ។ បន្ទាប់​ពីប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង​ បាននាំគ្នាផ្ដិតមេដៃជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្លាស់ប្ដូរលោក ហឿង ប៊ុនហេង ចេញពីស្មៀនឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុង។​ ដោយចោទប្រកាន់ថា៖ ស្មៀនឃុំព្រែកខ្សាច់ លោក ហឿន ប៊ុនហេង មិនបានបំពេញការងារប្រាស់ចាកពីភាពជាមន្ត្រី ធ្វើការងារមិនបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ មិនយកច្បាប់ជាធំ និងបានប្រព្រឹត្តិអំពើពុករលួយ ធ្វើឱ្យពួកគាត់បាត់ទំនុកចិត្តតែម្តង។ 

ជាក់ស្ដែងយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ​ លេខ៥០២ ស ជ.ណ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២​ របស់​លោក​ សក់​ សេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ជម្រាបមកលោកស្រីអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានបញ្ជាក់មានដូចខាងក្រោម៖

កម្មវត្ថុ៖​ ស្ដីពីករណីលិខិតស្នើសុំរបស់ប្រជាពលរដ្ឋចំនួន ៤រូប តំណាងប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ដែលបានស្នើសុំផ្លាស់ប្ដូរលោក ហឿង ប៊ុនហេង ចេញពីស្មៀនឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។

យោង៖​ លិខិតលេខ ០០៣៨ នបល ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ របស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

-លិខិតស្នើសុំចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋចំនួន ៤រូប តំណាងប្រជាពលរដ្ឋរស់នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។

សូមជម្រាបថាកន្លងមក ក្រសួងមហាផ្ទៃបានទទួលលិខិតស្នើសុំរបស់ឈ្មោះ រៀម រ៉ា , ឈ្មោះ ហ៊ាបហាន់ , អ៊ួច សុឡា នឹងឈ្មោះ នូ ប្រុស ដែលបានស្នើសុំផ្លាស់ប្ដូរលោក ហឿង ប៊ុនហេង ចេញពីស្មៀនឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ដោយបានចោទប្រកាន់ថាបានលោក ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច បានប្រព្រឹត្តកំហុសឆ្គងក្នុងការបំពេញការងារ មិនទទួលខុសត្រូវក្នុងការងារ និងមិនគោរពតាមគោលការណ៍នីតិវិធីច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរជាមន្ត្រីរាជការ ដូចក្នុងពាក្យបណ្ដឹងភ្ជាប់ជាមួយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលខេត្តធ្វើការពិនិត្យសិក្សាស្រាវជ្រាវ និងដោះស្រាយ រួចធ្វើរបាយការណ៍ មកក្រសួងមហាផ្ទៃឲ្យបានឆាប់រហ័សនិងច្បាស់លាស់ទាក់ទិននឹងករណីនេះ។​ អាស្រ័យហេតុនេះ សូម លោកស្រី​អភិបាលខេត្ត​មេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព។

គួររម្លឹកថា​ កន្លងមកប្រជាពលរដ្ឋបានរាយការណ៍ជូនសម្ដេចក្រឡាហោម​ថា៖ ចាប់តាំងពីប្រទេសជាតិមានសុខសន្តិភាពមក ពួកខ្លួនបានទទួលផលប្រយោជន៍ពីការអភិវឌ្ឍជាតិជាបន្តបន្ទាប់ បានរស់នៅប្រកបដោយសេចក្ដីសុខ សុវត្ថិភាពល្អ រីករាយ ហើយតែងតែគាំទ្រជានិច្ចចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល។​ ជាមួយគ្នានេះ​ ប្រជាពលរដ្ឋបានគោរពថ្លែងអរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង ដែលបានធ្វើឱ្យមានការបោះឆ្នោតឃុំសង្កាត់ ដើម្បីឱ្យពួកគាត់មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាង គឺក្រុមប្រឹក្សាឃុំព្រែកខ្សាច់នេះ។

ប៉ុន្តែ​អ្វីដែលពួកគាត់ហួសចិត្តនោះ គឺលោក​ ហឿង ប៊ុនហេង​ មិនបានស្ដាប់ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលចំពោះការផ្តល់សេវាសាធារណៈនោះទេ។ ខណៈ​ដែល​ប្រជាពលរដ្ឋស្នើធ្វើលិខិតឯកសារផ្សេងៗ គឺប្រជាពលរដ្ឋមិនដែលបានជួបលោកស្មៀនឃុំ ដើម្បីបំពេញការស្នើនោះនៅកន្លែងធ្វើការរបស់ខ្លួន ហើយបែរជាប្រើប្រាស់ពេលវេលាក្នុងម៉ោងធ្វើការជូនភ្ញៀវទិញដីធ្លីស្ទើរតែរៀងរាល់ថ្ងៃ។

ក្រោយពីប្រជាពលរដ្ឋទទួលបានដំណឹងថា ក្រសួងមហាផ្ទៃ បានចេញលិខិត ជម្រាបមក លោកស្រី​ មិថុនា​ ភូថង​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង មកពួកគាត់មានសប្បាយចិត្តចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំ ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងស្នើរសុំដល់លោកស្រី អភិបាលខេត្ត អនុវត្តកុំឱ្យមានការយល់ចំពោះបុគ្គលមួយក្ដាប់តូចដែលតែងតែយកឈ្មោះថ្នាក់ដឹកនាំ ទៅធ្វើការគៀបសង្កត់ឬគំរាមកំហែងដល់ប្រជាពលរដ្ឋស្លូតត្រង់ដូចស្មៀនឃុំព្រែកខ្សាច់នេះផងដែរ។ សូមជម្រាបដែរថា​ សម្ដេចក្រឡាហោម​ ស​ ខេង​ ក៏បានជំរុញឱ្យមន្រ្តីទាំងអស់ត្រូវខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ពិសេសក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។

ប៉ុន្តែ​អ្វីដែលពួកគាត់ហួសចិត្តនោះ គឺលោក​ ហឿង ប៊ុនហេង​ មិនបានស្ដាប់ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលចំពោះការផ្តល់សេវាសាធារណៈនោះទេ។ ខណៈ​ដែល​ប្រជាពលរដ្ឋស្នើធ្វើលិខិតឯកសារផ្សេងៗ គឺប្រជាពលរដ្ឋមិនដែលបានជួបលោកស្មៀនឃុំ ដើម្បីបំពេញការស្នើនោះនៅកន្លែងធ្វើការរបស់ខ្លួន ហើយបែរជាប្រើប្រាស់ពេលវេលាក្នុងម៉ោងធ្វើការជូនភ្ញៀវទិញដីធ្លីស្ទើរតែរៀងរាល់ថ្ងៃ នាំគ្នាផឹកស៊ីដោយមិនបានបំពេញការងារជាមន្ត្រីល្អ ដែល​នាំឱ្យខូតកេ្តរ៍ឈ្មោះដល់មន្ត្រីផ្សេងទៀត។ 

គួរបញ្ជាក់ថា​ បើ​តាមប្រភពព័ត៍មានច្បាស់ការមួយ​បានលួចបង្ហេីបប្រាប់ថា៖​ បន្ទាប់​ពី​លិខិតរបស់ក្រសួងមហាផ្ទៃ​ ជម្រាបមក​លោកស្រី​អភិបាល​ខេត្តកោះកុង​ ឱ្យ​ចុះសិក្សាស្រាវជ្រាវពាក់ព័ន្ធ​ករណី​លោក ហឿង ប៊ុនហេង ដែល​បច្ចុប្បន្ន​ជាស្មៀនឃុំព្រែកខ្សាច់​ខាងលេីនេះ​ គឺសំណុំរឿងនេះស្ថិតនៅក្នុងដៃលោក​ សុខ​ សុធី​ អភិបាលរងខេត្ត​ ​ដែលជាអ្នកកាងនៅពីក្រោយខ្នង​ ដេីម្បីបិទរឿងមិនឱ្យអនុវត្តនីតិវិធីទៅមុខរួច​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ ប្រជាពលរដ្ឋ​រង់ចាំ​មើល​ថា​ តើ​ចំណាត់​ការ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ មានប្រសិទ្ធភាពទៅលេីមន្រ្តីថ្នាក់ខេត្តមួយចំនួនតូច​ដែលកំពុងតែ​ឃុបឃិត​គ្នា​គិត​តែរឿងផលប្រយោជន៍ដាក់ក្នុងហោប៉ៅខោរបស់ខ្លួន​ ដោយមិនខ្វល់ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន៕

 

ដោយ​៖ស​ តារា​


ចែករំលែក៖