ខេត្តព្រះសីហនុ ៖ សន្តិសុខឯកជនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីនុ ឃាត់ខ្លួនបន្ទាប់ពីធ្វើការឆែកឆេររកឃើញថ្នាំញៀនមួយចំនួន។ ដោយជនសង្ស័យមានឈ្មោះ នាក់ រតនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅសង្កាត់០១ ក្រុងព្រះសហនុ ខេត្តព្រះសីហនុ ។
បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញគ្រឿងញៀន បានសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ កាលពីវេលាម៉ោង១៥និង២០នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ បានចុះបង្រ្កាបគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខការដ្ឋានចិនដែលស្ថិតនៅក្រុម៧ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖ -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់ (០១កញ្ចប់តូច និង០៤កញ្ចប់ធំ), ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកHUAWEI), ម៉ូតូ០១គ្រឿង(ម៉ាកហុងដា CBR) ។
បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមច្បាប់។
ជាមួយគ្នានោះ នៅយប់ថ្ងៃដដែលនោះ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុផងដែរ៕
ដោយ៖សហការី