ភ្នំពេញ ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះប្រាប់ដល់សាធារណជនបានជ្រាបថា facebook របស់គាត់មានអ្នកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះគាត់ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា, សូមជម្រាបជនរួមជាតិ ! ថ្ងៃនេះមានអ្នកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះខ្ញុំ មកបំភាន់សាធារណជន ដែលខ្ញុំមិនបាននិយាយ និងមិនបានបង្ហោះរឿងនេះទេ។
ហ្វេសប៊ុកក្លែងក្លាយនោះបានបន្លំសរសេរឱ្យសាធារណជនយល់ច្រឡំថា (ការព្រួយបារម្ភរបស់ខ្ញុំខ្លាចកម្ពុជាដូចអ៊ុយក្រែន កុងត្រាដី៩៩ឆ្នាំ ក្រុមហ៊ុនវៀតណាមដុះដូចផ្សិត លំហូរកម្មករវៀតណាមបម្រើការងារគ្រប់ក្រុមហ៊ុន។ ចុះប្រសិនបើប្រជាជនទាំងពីរប៉ះទង្គិចក្នុងករណីណាមួយ វៀតណាមប្រើប្រាស់លេសដាក់ទ័ពមកការពារប្រជាជនរបស់គេ តើកម្ពុជាគិតយ៉ាងដូចម្តេច?)។
ទោះជាជនខិលខូចព្យាយាមបង្កើតហ្វេសប៊ុកក្លែងក្លាយ តែលោកបាននិយាយថា “អ្នកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះខ្ញុំមកបំភាន់សាធារណជនដែលខ្ញុំមិនបាននិយាយ និងមិនបានបង្ហោះរឿងនេះទេ” ។
សូមបញ្ជាក់ថា លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានធ្វើរបាយការណ៍ពីករណីឈ្មួញ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អ្នកធំ មានអំណាច រំលោភយកដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ឈានដល់ក្រុមការងាររាជរដ្ឋាភិបាលចុះស៊ើបអង្កេតស្រាវជ្រាវ ចាប់ដាក់គុកជនខិលខូចមួយចំនួនផងដែរ។
កាលពីម្សិលមិញ លោកបានបង្ហោះថា, (អ្នកមករស់នៅលើទឹកដីខ្ញុំ អ្នកធ្វើមានធ្វើបាននៅលើទឹកដីខ្ញុំហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រីនៅក្នុងទន្លេខ្ញុំទៀត។)
លោកបន្តថា អ្នកគិតទៅមើល អ្នកប្រព្រឹត្តខុសច្បាប់ អ្នកឆក់ត្រជាក់ (យ៉ាំងកាវ), ឆក់ក្តៅ, ឈិបយន្ត, ឆក់ទូកលឿនក្នុងដែន៦០ម៉ែត្របួនជ្រុង ហើយអូសយកត្រីទាំងត្រីស្រកា ទាំងត្រីអត់ស្រកា ឯត្រីតូចៗ អ្នកប្រើការមិនកើត អ្នកបែរជាយកទៅធ្វើជី, តើឱ្យខ្ញុំអត់ទ្រាំនឹងសកម្មភាពរបស់អ្នកបានយ៉ាងដូចម្តេចទៅ?៕
ដោយ ៖ សិលា