ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបន្តប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន​ ១០គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីពិធីប្រគល់-ទទួល រថយន្តដឹកវ៉ាក់សាំងចំនួន​ ១០គ្រឿង​ ដែលជាអំណោយសប្បុរសធម៌របស់ព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ 

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរព

ជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតជោនាយករដ្ឋមន្ត្រី នឹងនាំយក ជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាលនិង ប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុង ខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចម្ប៉ាស័កនៃប្រទេសឡាវ។

ការសម្រេចផ្ដល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនិងប្រជាជននៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចតជោនាយករដ្ឋមន្រ្តី ចំពោះសុខភាពនិងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិត ខាងភូមិផងរបងជាមួយគ្នា ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ប្រកបដោយ បេះដូងដ៏ល្អប្រពៃពិតប្រាកដរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងន័យ “កម្ពុជាជាប្រទេសតូចតាចតមាន បេះដូងជំទូលាយ ហើយកម្ពុជា ក៏តែងតែបាន និងកំពុងធ្វើ ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាពនិងកិច្ច សហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់ រួមគ្នាដោះស្រាយវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូរីដ-១៩ នៅក្នុង ប្រទេស និងនៅក្នុងតំបន់។ អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់កម្ពុជានាពេលនេះ នឹងរួមចំណែកបន្ថែមទៀតជូនដល់ ប្រទេសឡាវ នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូរីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។

អាស្រ័យដូចបានជម្រានខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖