ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid ត្រូវការឈ្នះ PSG នៅជើងទី២ ខណៈ Man City មានសង្ឃឹមច្រើនឡើងវគ្គ៨ក្រុមនៅ Champions League នាត្រីនេះ

ចែករំលែក៖

ក្រុម Real Madrid នឹង​សម្លឹង​រក​ការ​សង្គ្រោះ​ពី​ការ​ប្រកួត​ជើង​ទី១​ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ១៦ នៅ​ពេល​ដែល​ក្រុមនេះ​ស្វាគមន៍ក្រុមខ្លាំងមកពីបារាំង Paris Saint-Germain នៅកីឡដ្ឋាន Estadio Santiago Bernabéu សម្រាប់​ការ​ប្រកួតជើងទី២ នៅរាត្រីថ្ងៃពុធនេះ។

ក្នុង​ការ​ប្រកួត​ជើង​ទី​១ ក្រុម PSG បាន​យក​ឈ្នះ ១-០ នៅ​កីឡដ្ឋាន Parcdes Princes កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ដែល១គ្រាប់នោះរកបានដោយខ្សែប្រយុទ្ធ Kylian Mbappé នៅនាទីទី៩០+៤។

ការប្រកួតនោះ PSG មាន​ប្រៀប​ជាង Real Madrid នៅ​ចុង​ម៉ោង ដោយ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ​របស់​ពួក​គេ (ឈ្នះ២ ស្មើ១)។ រីឯ Real Madrid កំពុងស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេក្នុងការប្រកួតរវាងក្រុមទាំង២ចាប់តាំងពីខែមីនា ឆ្នាំ២០១៨មក។ ក្រុមបារាំងបានយកឈ្នះលើក្រុមអេស្ប៉ាញ ៦–២ ក្នុងអំឡុងពេលនៃការប្រកួតមិនដែលចាញ់របស់ពួកគេ។

ខ្សែប្រយុទ្ធ Karim Benzema គឺជាកីឡាករសំខាន់ និងលេចធ្លោនៅ Real Madrid ក្នុងការប្រកួត Champions League ដោយខ្សែ​ប្រយុទ្ធ​រូបនេះ​ស៊ុត​ចូល​៥​គ្រាប់។ ចំណែក Mbappé និង Lionel Messi គឺជាកីឡាករសំខាន់របស់ Paris Saint-Germain ក្នុងយុទ្ធនាការ Champions League នេះ ដោយម្នាក់ៗស៊ុតបញ្ចូលទីបាន៥គ្រាប់ដែរ។

ក្រុមម្ចាស់ផ្ទះ Real Madrid មានទម្រង់លេងយ៉ាងសម្បើមនៅលើទឹកដីខ្លួនឯងក្នុង Champions League រដូវកាលនេះ ដោយឈ្នះ២លើក និងចាញ់តែមួយលើកប៉ុណ្ណោះក្នុងការប្រកួត៣លើក។ ក្រុមនេះត្រូវការឈ្នះ PSG ដាច់ខាតយ៉ាងតិច២ទល់០ ទើបអាចមានឱកាសឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន។ រីឯ PSG នឹងស្វែងរកការឈ្នះការប្រកួតក្រៅដីជាលើកដំបូងរបស់ពួកគេក្នុងការប្រកួតនៅរដូវកាលនេះ ខណៈដែលពួកគេចាញ់មួយ និងស្មើ២នៅក្រៅទឹកដីកន្លងមក។

ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​របស់ ​ Real Madrid ឈ្នះ​៤ ស្មើ​១ និង​ចាញ់​១ ខណៈដែលក្រុម PSG ឈ្នះ​៤ និង​ចាញ់​២ ក្នុង​៦​ក្រុម​ចុងក្រោយដូចគ្នា​។

ងាយមកមួយគូទៀតដែលត្រូវប្រកួតនៅរាត្រីនេះដែរ គឺដោយមានការនាំមុខចំនួន៥គ្រាប់នៅជើងទី១នៃការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ក្រុមខ្លាំង Manchester City ត្រូវស្វាគមន៍ក្រុមSporting CP នៅកីឡដ្ឋាន Etihad សម្រាប់ការប្រកួតជើងទី២។

ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៅ​កីឡដ្ឋាន Estádio José Alvalade កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ក្រុម Manchester City បាន​យក​ឈ្នះ ៥-០ ទៅលើក្រុម Sporting CP រួចទៅហើយ។ ខ្សែបម្រើ Bernardo Silva បានគ្រាប់បាល់នាំ​មុខ​ឱ្យក្រុម​អង់គ្លេសមួយនេះ​ដោយ​គ្រាប់​បាល់​នៅ​នាទី១៧ និងនាទីទី៤៤ ខណៈដែល Riyad Mahrez, Phil Foden, និង Raheem Sterling ក៏រកបានគ្រាប់បាល់ម្នាក់១គ្រាប់ផងដែរ។

ខ្សែប្រយុទ្ធ Mahrez ជាកីឡាករសំខាន់របស់ Manchester City ក្នុងការប្រកួត Champions League ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ ដែលត្រូវបានជាប់ចំណាត់ថ្នាក់ទី៥ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតនៅឆ្នាំ២០២១–២០២២នេះ។ កីឡាករឆ្នើមបំផុតរបស់ Sporting CP គឺ Pote ដែលបានស៊ុតបាល់បញ្ចូលទីបាន៤គ្រាប់ក្នុងយុទ្ធនាការ Champions League នេះ រួមទាំងគ្រាប់បាល់បើកឆាកចំនួន២គ្រាប់ផងដែរ។

ក្រុមម្ចាស់ផ្ទះ Manchester City បានស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League ចំនួន៥ជាប់ៗគ្នាក្នុងរដូវកាលនេះ។ ក្រុមនេះ​មិនដែលចាញ់ឡើយ ​ចាប់​តាំង​ពី​ការ​ចាញ់​ក្នុង​វគ្គ​ចែក​ពូល​របស់​ពួក​គេ​ទល់​នឹង Paris Saint-Germainហើយក្នុងការប្រកួត Champions League ៣លើកនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ Manchester City ទទួលបាន៩ពិន្ទុ ដោយរកបាន១២គ្រាប់ និងរបូត៥គ្រាប់។

ចំណែកក្រុម Sporting CP សម្រាប់ការប្រកួតចំនួន៣នៅក្នុងការប្រកួតនៅរដូវកាលនេះ ទទួលបាន៣ពិន្ទុប៉ុណ្ណោះ (ឈ្នះ១ និងចាញ់២)។ ក្រុម​ព័រទុយហ្គាល់​ស្ថិត​លើ​ការ​ប្រកួត​ក្រៅ​ដី​មិន​ស្គាល់​ចាញ់​ចំនួន៦ប្រកួត (ឈ្នះ៤ ស្មើ២) គ្រប់​កម្មវិធី​ប្រកួត។

ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​របស់​​ក្នុង​ការ​ប្រកួត​ទាំង​អស់ Manchester City ឈ្នះ​៥ និង​ចាញ់​១ ខណៈដែលក្រុម Sporting CP ឈ្នះ២ ស្មើ២ និងចាញ់២ ក្នុង៦លើកចុងក្រោយដូចគ្នា។ ការប្រកួតនៅរាត្រីថ្ងៃពុធនេះនឹងធ្វើឡើងនៅវេលាម៉ោង៣រំលងអធ្រាត្រដូចគ្នា ហើយការចាប់ឆ្នោតសម្រាប់វគ្គ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមីនាខាងមុខ ដែលធ្វើឡើងនៅប្រទេសស៊្វីស ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖