ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញធុនធំរបស់សិប្បកម្មCKHផលិតសំបកដបជ័របើកលឿនខ្វះការប្រុងប្រយ័ត្នបុកចំពីក្រោយរថយន្តធុនតូចរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បើករថយន្តដឹកទំនិញធុនធំរបស់សិប្បកម្មCKHផលិតសំបកដបជ័របើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង០០នាទីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកVITZ ពណ៌សមិនមានស្លាកលេខបើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងដើម្បីចូលទៅផ្ទះ ស្រាប់តែមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងរបស់សិប្បកម្មCKHផលិតសំបកដបជ័រម៉ាកហីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខកណ្ដាល 3A7014បើកបរដោយយុវជនម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកចំពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តម៉ាកVITZខ្ទាតជ្រុលទៅមុខប្រហែល ១០ ម៉ែត្ររងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖