ខេត្តសៀមរាប ៖ មន្ត្រីនគរបាលប៉ុស្តិ៍ពង្រក្រោម១រូបបានធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹករបស់ខ្លួនស្ថិតនៅក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងែទី៩ ខែមីនា ឆ្នាំ២០២២។
មន្ត្រីនគរបាលដែលចងកធ្វើអត្តឃាតបង្កឱ្យឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមនោះមានឈ្មោះ អ៊ន់ ប៊ុនធឿនហៅ (កែប) ភេទប្រុស អាយុ២៩ឆ្នាំ ឋានៈអនុសេនីយ៍ត្រី ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលពង្រក្រោម។
តាមសម្ដីសាច់ញាតិសពបានប្រាប់ថា លោកអ៊ន់ ប៊ុនធឿន(កែប)គ្មានរឿងអ្វីជាមួយក្រុមគ្រួសារនោះទេ គាត់មានជំងឺសរសៃប្រសាទ ហើយក៏ធ្លាប់ចងកម្ដងរួចមកហើយដែរ ប៉ុន្តែមិនបានសម្រេច ដោយសារបងប្អូនឃើញទាន់។ ប្រភពពីសាច់ញាតិបន្តទៀតថា មួយរយៈនេះលោក អ៊ន់់ ប៊ុន ធឿន ទំនងមិនបានលេបថ្នាំសរសៃប្រសាទទើបបានចងកសម្លាប់ខ្លួន ។
លោកវរសេនីយ៍ត្រី គឹម ធី មេប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រក្រោមបានឱ្យដឹងថា លោកអ៊ន់ ប៊ុនធឿនជាមន្ត្រីស្លូតបូតស្មោះត្រង់ មិនដែលមានរឿងអ្វីជាមួយអ្នកដទៃទេ។
ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា