ការប្រកួតវគ្គ Play-off ដើម្បីស្វែងរកកៅអីទៅកាន់វគ្គជម្រុះ World Cup 2022 របស់វែលទល់នឹងក្រុមអូទ្រីសនឹងប្រព្រឹត្តទៅនៅខែនេះ បើទោះបីជាមានការពន្យារពេលនៃការប្រកួតរវាងស្កុតឡែននឹងអ៊ុយក្រែនក៏ដោយ។ ក្រុមដែលឈ្នះនៃការប្រកួតទាំង២ខាងលើនឹងត្រូវប្រឈមមុខដាក់គ្នានៅទីក្រុង Cardiff នៅថ្ងៃទី២៩ ខែមីនា សម្រាប់កន្លែងនៅប្រទេសកាតាដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ World Cup 2022 ។
FIFA បានទទួលយកសំណើរបស់អ៊ុយក្រែន ក្នុងការជំរុញទំនាក់ទំនងរបស់ពួកគេនៅក្នុងទីក្រុង Glasgow បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីមកលើប្រទេសរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយការប្រកួតរបស់វែលជាមួយប្រទេសអូទ្រីស នឹងត្រូវធ្វើឡើងតាមការគ្រោងទុកនៅថ្ងៃទី២៤ខែមីនាខាងមុខ។
សមាគមកីឡាបាល់ទាត់នៃប្រទេសវែលបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “FAW គាំទ្រការសម្រេចចិត្តរបស់ Fifa ក្នុងបញ្ហានេះ ហើយឈរក្នុងសាមគ្គីភាពជាមួយអ៊ុយក្រែន និងបញ្ជាក់ឡើងវិញនូវការថ្កោលទោសរបស់ខ្លួនចំពោះការប្រើប្រាស់កម្លាំង និងអំពើឃោរឃៅដែលប្រព្រឹត្តដោយប្រទេសរុស្ស៊ី” ។
ប្រសិនបើក្រុមរបស់លោក Robert Page ឈ្នះ នោះអ្នកចាត់ការវេលស៍រូបនេះនឹងត្រូវរង់ចាំជាច្រើនខែ មុននឹងដឹងថា ពួកគេនឹងជួបអ្នកណា ហើយនៅពេលណា សម្រាប់កន្លែងមួយក្នុងប្រទេសកាតាខាងមុខនៅចុងឆ្នាំនេះ។ ការពិភាក្សាកំពុងដំណើរការលើកាលបរិច្ឆេទថ្មីសម្រាប់ក្រុមស្កុតឡេនទល់នឹងអ៊ុយក្រែនជាមួយនឹងការប្រកួត Nations League នៅខែមិថុនា ជាជម្រើសដែលនឹងអាចធ្វើទៅរួច។
វគ្គផ្តាច់ព្រ័ត្រក៏អាចប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះដែរ ទោះបីជាបច្ចុប្បន្នក្រុមវេលត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមបែលហ្សិក និងហូឡង់នៅរដូវក្តៅនេះ បន្ថែមពីលើការធ្វើដំណើរទៅកាន់ប៉ូឡូញផងដែរ។
Fifa បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការប្រកួតជំនួសសម្រាប់ក្រុមដែលខកខានក្នុងខែមីនាកំពុងត្រូវបានស្វែងរកដោយភាគីពាក់ព័ន្ធ។ ដូចគ្នានេះដែរ ព័ត៌មានលម្អិតនៃការប្រកួតដែលបានកំណត់ឡើងវិញនឹងត្រូវបានប្រកាសក្នុងពេលកំណត់ ហើយតារាងប្រតិទិននៃការប្រកួតអន្តរជាតិក្នុងខែមិថុនានឹងត្រូវបានកែសម្រួលតាមការចាំបាច់សម្រាប់ក្រុមពាក់ព័ន្ធ នៅពេលដែលព័ត៌មានលម្អិតទាំងនេះត្រូវបានបញ្ចប់”។
សូមបញ្ជាក់ថា ការប្រកួត World Cup ដែលកាតាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២២នេះ នឹងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី១៨ ខែធ្នូ ហើយការចាប់ឆ្នោតសម្រាប់ការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១ ខែមេសា នៅទីក្រុងដូហា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)