ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសPatriot ទៅកាន់ប្រទេសប៉ូឡូញ

ចែករំលែក៖

អាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយបង្កើនសកម្មភាពការពារ ចំពោះការគំរាមកំហែងក្នុងពេលរុស្ស៊ីកំពុងតែបើកការវាយប្រហារអ៊ុយក្រែន។
សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Adam Miller អ្នកនាំពាក្យទីបញ្ជាការ EUCOM ប្រចាំនៅតំបន់អឺរ៉ុបដែលបានលើកឡើងកាលពីថ្ងៃទី៨ខែមីនាថា «ក្រោមការបញ្ជារបស់ក្រសួងការពារជាតិអាមេរិក និងតបតាមសំណើរបស់ប្រទេសប៉ូឡូញ អគ្គមេបញ្ជាការកម្លាំងទាហានអាមេរិកប្រចំានៅក្នុងតំបន់អឺរ៉ុប EUCOM បានសម្រេចដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលការពារ Patriot ទៅកាន់ប្រទេសប៉ូឡូញ។
ប្រព័ន្ធមីស៊ីលខាងលើគឺអាចវាយស្ទាក់កាំជ្រួចមីស៊ីលរយៈចម្ងាយខ្លី កាំជ្រួចមីស៊ីលអន្តរទ្វីប ក៏ដូចជាយន្តហោះចម្បាំងទំនើបៗរបស់សត្រូវ។ ការដាក់ប្រព័ន្ធមីស៊ីលគឺជាការធានារបស់អាមេរិកទៅតាម ធម្មនុញ្ញ មាត្រាទី៥ របស់ណាតូ ។ នៅក្នុងមាត្រាទី៥ បានបញ្ជាក់ថា រាល់ការវាយប្រហារទៅលើប្រទេសណាមួយជាសមាជិកមានន័យថាគឺវាយប្រហារទៅលើអង្កការណាតូទាំងមូល។
សកម្មភាពខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដែលកាន់តែតានតឹងខ្លាំងឡើង ៕

ដោយ៖ ធីរីណា(រូបថត៖Fortune)


ចែករំលែក៖