ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូហើយកិននារីជាអ្នកបើកធ្លាយខួរស្លាប់ទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នារីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់ភ្លាមៗគួរឱ្យរន្ធត់បំផុត ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកពីក្រោយម៉ូតូដែលបើកស្របទិសគ្នាហើយកិនពីលើយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ១៣៤-១៣៥ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ 

   យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ បូ សាមន អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិ ព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K-៩១៨៤។ ចំណែកអ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយបង្កហេតុបានបើកគេចខ្លួនទៅទិសខាងកើតបាត់ស្រមោលទៅ។

   តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K-៩១៨៤ លើផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងទិសដៅស្របគ្នាបានបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏ជ្រុលទៅបុកពីក្រោយម៉ូតូហើយកិនពីលើយ៉ាងពេញទំហឹងបណ្ដាលឱ្យនារីរងគ្រោះបែកក្បាលធ្លាយខួរស្លាប់គួរឱ្យសង្វេគនិងរន្ធត់បំផុត។

   ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានមកដល់ធ្វើការវាស់វែង និងបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖