ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាដោយអចេតនាពេលស្រវឹងស្រាបានដកកាំភ្លើងខ្លីមកជន្លលេងសើចក៏រៀលកៃទៅត្រូវចំបុរសដែលគាត់ជន្លរកបាញ់នោះបណ្តាលឱ្យស្លាប់ភ្លាមៗកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២២ នៅក្នុងកម្មវិធីបង្កក់កូនអ្នកជិតខាងក្នុងភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាលស្រុកគងពិសីបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ផៃ បញ្ញា អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ចំណែកឯជនរងគ្រោះឈ្មោះ អ៊ុច ភារុណ អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកគងពិសីឃាត់ខ្លួនយកទៅសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ជ្រោយពេជ្រ