ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿងជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូគ្រឿងញៀនជាង៦០គីឡូក្រាមនិងអាវុធវែងខ្លី៣ដើម ត្រូវបានតំណាងអយ្យការសាលាដំបូងចោទប្រកាន់ជាស្ថាពរ

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា សំណុំរឿង​ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូគ្រឿងញៀនជាង៦០គីឡូក្រាមនិងអាវុធវែងខ្លី៣ដើម ត្រូវបានតំណាងអយ្យការបេីកការស៊េីបសួរ​រួចរាល់ហេីយ​ពីបទ​ផលិត​ រក្សាទុក​ និងប្រេីប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន​ តាមមាត្រា​៣៩​ មាត្រា​ ៤០​ មាត្រា​៤៥​ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​​ បន្ទាប់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានបើកការស៊ើបសួរលើសំណុំរឿងនេះ។

   សូមជម្រាបថា កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានបើកការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធមួយករណីកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដែលការបង្ក្រាបនោះអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងអនុវត្តតាមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង១ និង១០នាទីថ្ងៃទី៣ ខែមីនា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​ (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោកវរសេនីយ៍ឯកជាវ តុលា នាយករងមន្ទីរ  និងលោកវរសេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យទី១១ ក្រោមការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាបជាបន្តបន្ទាប់ចំនួន២គោលដៅផ្សេងគ្នា៖

គោលដៅទី១ នៅចំណុចស្ថានីយប្រេងឥន្ធន:តេលា ផ្លូវបេតុង ស្ថិតក្នុងភូមិជម្ពូវ័នសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យជាជនជាតិខ្មែរម្នាក់ជាមួយរថយន្ត១គ្រឿង និងសារធាតុញៀនប្រមាណជាង៦០ គីឡូក្រាម ។

គោលដៅទី២ នៅវេលាម៉ោង២និង ៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន៣នាក់ និងអាវុធ៣ដើម (វែង១ដើម ខ្លី២ដើម) នៅចំណុចបុរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 លទ្ធផលសរុប ៖ ឃាត់ខ្លួនជនសង្ស័យ៤ នាក់ ១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ(មានដីកាចាប់ខ្លួន) និងមានគ្រឿងញៀនជាង៦០ គីឡូក្រាមជាប់នៅខ្លួន ។២-ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ ។ ៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត(VANCHAILOEUNGPKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ ។ ៤.ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិថៃ ។ 

   ជាមួយនោះដែវត្ថុតាងចាប់យករួមមាន ៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន(ICE)ទម្ងន់​សុទ្ធ៤២គីឡូក្រាមនិង៧៥៩.៨៤ក្រាម​ ។ សារធាតុញៀនប្រភេទហេរ៉ូអុិន(HEROIN)ទម្ងន់​សុទ្ធ ២១គីឡូក្រាមនិង១២០ក្រាម​ ។ សរុបសារធាតុញៀនទាំងអស់ប្រមាណ៦៥ គីឡូក្រាមនិង៨៧៩.៨៤ក្រាម ។ អាវុធAK ១ដើមនិងអាវុធខ្លី២ដើម រថយន្ត៣គ្រឿង។ 

បច្ចប្បន្នជនត្រូវចោទទាំង៤នាក់កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរសាលាដំបូងបើកការស៊ើបសួរបន្តនីតិវិធី៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖