អគ្គលេខាធិការ OPEC លោក Mohammad Barkindo នៅពេលថ្មីៗនេះបានចេញមកព្រមានថា ពិភពលោកមិនអាចខ្វះប្រភពផ្គង់ផ្គង់ថាមពលប្រេងពីប្រទេសរុស្ស៊ីនោះឡើយ ហើយក៏មិនមានប្រទេសណាមួយអាចជំនួសបានដែរ។ ជាមួយគ្នានេះលោកក៏បានអំពាវនាវមិនឱ្យយកបញ្ហាថាមពលពាក់ព័ន្ធនឹងវិវាទនយោបាយនោះឡើយ។
នៅក្នុងកិច្ចប្រជុំស្តីពីថាមពល CERAWeek លើកទី៤០ ដែលធ្វើឡើងនៅទីក្រុង Houston សហរដ្ឋអាមេរិកដែលចាប់ផ្តើមកាលពីថ្ងៃទី៧ខែមីនា អូសបន្លាយដល់ថ្ងៃទី១១ខែមីនា OPEC បញ្ជាក់ថា ពិភពលោកនឹងប្រឈមកង្វះថាមពលពេលដាក់ទណ្ឌកម្មវិស័យប្រេងរបស់រុស្ស៊ី។
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានប្រកាសហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់លោក ពូទីន នៅអ៊ុយក្រែន។ ប៉ុន្តែកាលពីដើមសប្ដាហ៍កន្លងទៅនេះ រុស្ស៊ីក៏បានព្រមានទុកជាមុនដែរថា តម្លៃប្រេងសកលអាចនឹងឡើងថ្លៃដល់ ៣០០ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើសហរដ្ឋអាមេរិកនិងអឺរ៉ុបហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។
រុស្ស៊ីនៅថ្ងៃទី៨ខែមីនាបានព្រមានថា ខ្លួនកំពុងរៀបចំការដាក់ទណ្ឌកម្ម វាយបកត្រឡប់ទៅវិញ ដែលនឹងធ្វើឱ្យបណ្ដាប្រទេសលោកខាងលិចរងការឈឺចាប់ ខណៈដែលទីក្រុងមូស្គូ កំពុងរងទណ្ឌកម្មស្ទើរជុំទិស ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធទី៩ ខែមីនា ឆ្នាំ២០២២។
ការព្រមានខាងលើរបស់ទីក្រុងមូស្គូ ធ្វើឡើងដោយលោក Dmitry Birichevsky ជាប្រធាននាយកដ្ឋានសហប្រតិបតិ្តការ សេដ្ឋកិច្ចនៃក្រសួងការបរទេសរុស្ស៊ី។ លោក Birichevsky បានបន្ថែមដូច្នេះថា «ការឆ្លើយតបរបស់រុស្ស៊ីនឹងមានភាពលឿនរហ័ស, ម៉ឺងម៉ាត់ជាទីបំផុតចំពោះអ្នក (លោកខាងលិច) ដែលត្រូវប្រឈមមុខនឹងចំណាត់ការនេះ»៕ ដោយ៖ធីរីណា

រូបថត៖TTXVN
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច