ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ស្លាប់ក្នុងរថយន្ត​ និងនារី២នាក់ទៀតសន្លប់បាត់ស្មារតី​ សង្ស័យប្រេីប្រាស់សារធាតុញៀនលើសកម្រិត​រួចដេកក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរស២នាក់បានដេកស្លាប់ក្នុងរថយន្ត​ និងនារី២នាក់ទៀតសន្លប់បាត់ស្មារតី​ត្រូវបានប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ ដោយបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៨ និង៣០នាទីព្រលប់​ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះល្វែងមួយកន្លែង​ ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានបង្ហេីបឲ្យដឹងថា​ សពជនរងគ្រោះ​ជាម្ចាស់​ផ្ទះ​ មាន​ឈ្មោះ​ ចំរេីន​ ឆៃ​យ៉ា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរ​រត់​តាក់​ស៊ី​ ស្នាក់នៅ​ផ្ទះ​កេីតហេតុ​ ផ្លូវ​លំ​ ភូមិ​បុរី​កម្ម​ករ​ សង្កាត់​ជេីង​ឯក​ ខណ្ឌ​ដង្កោ​ ។ និងសពបុរស​ម្នាក់​ទៀត​ មាន​ឈ្មោះ​ ឡូវ​ ឆាយ​ហុង​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ ស្នាក់នៅ​ផ្ទះ​លេខ​៦១​ ផ្លូវ​បេីក​ថ្មី​ ភូមិ​៤​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​  ។ ចំណែក​ស្ត្រី​ជា​ដៃគូ​២នាក់ទៀតនៅមិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ដោយស្ថានភាព​ធ្ងន់​ធ្ងរកំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។ 

  យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងឡេីយគេឃេីញរថយន្តមួយគ្រឿងម៉ាក​ Toyota Prius ពណ៌ប្រផេះ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BF-8087 ដែលជារបស់ជនរងគ្រោះបានចតមុខផ្ទះប្រជាពលរដ្ឋនៅទល់មុខផ្ទះកេីតហេតុតាំងពីយប់រំលងអធ្រាត្រ​ឈានចូលថ្ងៃទី៩ ខែមីនា​ ឆ្នាំ២០២២​ រហូតដល់ល្ងាចថ្ងៃដដែល​ ក៏មិនឃេីញជនរងគ្រោះចេញមក​ និងបេីកយករថយន្តចេញ​ ទេីបប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនាំគ្នាទៅគាស់ទ្វារផ្ទះកេីតហេតុក៏មិនមានអ្នកឆ្លេីយតប​ ។ ដោយមានការសង្ស័យ​ ប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅសាច់ញាតិ​ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកផ្ទះកេីតហេតុ​ ដេីម្បីពិនិត្យ​ និងចាក់សោរផ្ទះចូលមេីលក៏ស្រាប់តែឃេីញជនរងគ្រោះប្រុសស្រី៤នាក់ដេកក្នុងរថយន្តមួយគ្រឿងទៀតម៉ាក​ ហាយឡេនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AM-2178 ទេីបបេីកទ្វារពិនិត្យឃេីញថា​ មានបុរស២នាក់បានដាច់ខ្យល់ស្លាប់ទៅហេីយ​និងមានសារធាតុញៀន១កញ្ចប់ក្បែរខ្លួនផងដែរ រីឯនារី២នាក់ទៀតនៅមានដង្ហេីមតែទន់ខ្លួនប្រាណជាខ្លាំងក៏ប្រញាប់ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាមៗ​ ។ 

    ក្រោយមក​ទៀត​ សមត្ថកិច្ចមូលដ្ឋានបានហ៊ុំព័ទ្ធខ្សែសុវត្ថិភាព និងសហការជាមួយជំនាញបច្ចេកទេស​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បធ្វើកោសល្យវិច័យរកហេតុផល​ នៃការស្លាប់​ និងសន្លប់បាត់ស្មារតីរបស់ជនរងគ្រោះខាងលេីឲ្យពិតប្រាកដ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖