ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន លំហូរនៃព័ត៌មានមិនពិត ឬការបំភ័ន្តអំពីសង្រ្គាមនៅអ៊ុយក្រែនបានបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គម

ចែករំលែក៖

អ៊ុយក្រែន-រុស្សុី ៖ រាប់សប្តាហ៍មកហើយ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន លំហូរនៃព័ត៌មានមិនពិត ឬការបំភ័ន្តអំពីសង្រ្គាមនៅអ៊ុយក្រែនបានបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គម។ ដើម្បីកាត់បន្ថយការយល់ច្រឡំនៃព័ត៌មានទាំងនេះ អ្នកសារព័ត៌មានអាជីពក៏បានចាប់ផ្តើមផ្ទៀងផ្ទាត់ព័ត៌មានខ្លះៗមកវិញជាមួយអ្នកពាក់ព័ន្ធនឹងរឿងរ៉ាវទាំងនោះ ហើយដែលពួកគាត់បាន​អះអាង​ថាព័ត៌មានខ្លះត្រូវបានគេប្រឌិត បន្លំ ​ឬ​ត្រូវ​បាន​បំផ្លើស ​ឬដោយអចេតនាតាមរយៈការបន្តចែករំលែកដោយគ្មានការពិចារណាឬផ្ទៀងផ្ទាត់អ្វីឡើយ។ ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗដែលត្រូវបានរកឃើញថាជាព័ត៌មានមិនពិត៖ 

១. តួសម្តែងក្នុងសង្រ្គាមនៅអ៊ុយក្រែន៖

វីដេអូ​មួយ​របស់​អ្នក​យក​ព័ត៌មាន​ម្នាក់​នៅ​ពីមុខ​មនុស្សជាច្រើនដែលគេច្រកដាក់ក្នុងថង់កៅស៊ូព័ណ៍ខ្មៅ ​បានផ្សាយ​នៅលើ​បណ្តាញ​សង្គម​ធំៗ​ជាច្រើន ហើយ​ត្រូវបាន​ចែកចាយបន្ត​យ៉ាង​គ្រគ្រឹកគគ្រេង​ដោយ​អ្នកគាំទ្រ​វិមាន​ក្រឹមឡាំង។ តាមពិត វីដេអូនេះត្រូវបានគេថតនៅពេលមានការតវ៉ាអំពីការប្រែប្រួលអាកាសធាតុនៅទីក្រុងវីយែន ប្រទេសអូទ្រីសកាលពីដើមខែកុម្ភៈកន្លងទៅនេះសោះ។  

២. ភរិយារបស់អនុប្រធានាធិបតីអ៊ុយក្រែនចូលរួមប្រយុទ្ធជាមួយកងទ័ព?

អ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែករូបភាពមួយដែលបង្ហាញថា ភរិយារបស់អនុប្រធានាធិបតីអ៊ុយក្រែនបានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសខ្លួនដើម្បីប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។ អ្នកត្រួតពិនិត្យស្វែងរកការពិត បានអះអាងថា រូបថតនេះជាទាហាននារីអ៊ុយក្រែនមួយរូបដែលត្រូវ​បាន​ថត​ក្នុង​អំឡុង​ពេល​ហាត់​សម​សម្រាប់​ក្បួន​ព្យុះហយាត្រា​យោធាមួយនៅ​ក្នុង​ទីក្រុង Kyiv កាលពីខែសីហា ឆ្នាំ២០២១។ ដោយឡែករដ្ឋាភិបាលអ៊ុយក្រែនក៏មិន​មានតំណែង​អនុ​ប្រធានាធិបតី​ដែរ។ 

 

៣. ប្រធានាធិបតី Zelensky ផឹកតែជាមួយកងកម្លាំងអ៊ុយក្រែន?

វីដេអូដែលបង្ហាញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុង ផឹកតែជាមួយទាហ៊ានអ៊ុក្រែននៅសមរភូមិមួយ បានទទួលអ្នកចូលមើលជិតបីលានដងកាលពីពេលថ្មីៗនេះ។ តាមពិត វីដេអូនេះត្រូវបានគេថតកាលពីមួយសប្តាហ៍មុនពេលការឈ្លានពានពីសំណាក់រុស្សី។ វាត្រូវបានគេថតនៅ Shyrokyne នៅពេលដែលប្រធានាធិបតី Zelensky ចុះសួរសុខទុក្ខទាហ៊ានជួរមុខដើម្បីបង្ហាញការគាំទ្រដល់កងទ័ពរបស់គាត់។  

៤. តារាភាពយន្ត លោក Steven Seagal ចូលរួមប្រយុទ្ធនៅអ៊ុយក្រែន? 

តារាសម្តែងលោក Steven Seagal ដែលមានសញ្ជាតិពីរ៖ អាមេរិក-រុស្ស៊ី ត្រូវបានគេប្រទះឃើញ “ក្នុងចំណោមកងកម្លាំងពិសេសរុស្ស៊ី” នៅជិតរដ្ឋធានី Kyiv របស់អ៊ុយក្រែន។ រូបភាពគាត់នៅក្នុងគណនី Twitter មួយ ត្រូវបានចែកចាយបន្តដោយពិធីករមួយរូបទៀតរបស់អាមេរិក ហើយបានទាក់ទាញអ្នកចូលមើលដល់ទៅ១៤លាននាក់។ ប៉ុន្តែការពិត តារាសម្តែងវ័យ៦៩ឆ្នាំរូបនេះ មិនបានចូលរួមប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែននោះឡើយ វាជារូបភាពកាត់ត។ ថ្លែងប្រាប់ Fox News លោកបានបដិសេធព័ត៌មានខាងលើ ហើយបានបន្ថែមថា ប្រទេសទាំងពីរជា “គ្រួសារតែមួយ” ហើយសង្ឃឹមថានឹងមាន “ដំណោះស្រាយវិជ្ជមាននិងសន្តិភាពឡើងវិញ” ។

៥. ទ័ពយន្តហោះចម្បាំងរុស្សីហោះពេញអាកាសអ៊ុយក្រែន‌‌!!! 

ការបង្ហោះឃ្លីបវីដេអូមួយបង្ហាញពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកដែលកំពុងហោះហើរលើទីក្រុងមួយជាមួយនឹងសំឡេងស៊ីរ៉ែនវាយប្រហារតាមផ្លូវអាកាស បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គម។ ការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញដោយ BBC បានរកឃើញថា រូបភាពវីដេអូនេះគឺជាការត្រៀមរៀបចំសម្រាប់ក្បួនដង្ហែយោធាមួយកាលពីឆ្នាំ២០២០ឯណោះ។

៦. អ៊ុយក្រែនរៀបចំឆាកសម្តែងពីសង្គ្រាមជាមួយរុស្សី? 

វីដេអូ​មួយ​របស់​នារី​វ័យ​ក្មេង​ម្នាក់ និង​យុវជន​ម្នាក់​ដែល​មាន​ឈាម​​នៅ​លើ​មុខ​របស់​ពួក​គេ​បាន​ទទួល​ការ​ចូល​មើល​រាប់​លាន​ដង​នៅ​លើ​បណ្តាញសង្គម ដែលគេនាំគ្នាសន្មត់ថាជាឆាកមួយដែលត្រូវបានគេជួលឱ្យសម្តែងអំពីការវាយប្រហារពីរុស្ស៊ី។ ប៉ុន្តែការពិត ​វីដេអូ​នោះ​មិន​ពាក់ព័ន្ធ​នឹង​សង្គ្រាមនៅអ៊ុយក្រែន​ទេ វាត្រូវបានគេថតនៅឆ្នាំ២០២០សម្រាប់រឿងភាគមួយរបស់ទូរទស្សន៍នៅអ៊ុយក្រែន ហើយត្រូវបានគេបង្ហោះជាសារធារណៈម្តងហើយកាលពីខែធ្នូនៅឆ្នាំដដែលនោះ។

អ្នកប្រើប្រាស់បណ្តាញសង្គមអាចកម្រិតការរីករាលដាលនៃព័ត៌មានមិនពិតដោយចំណាយពេលពីរបីនាទីមុនពេលចែករំលែក ដើម្បីពិចារណាថាតើអ្វីដែលពួកគេកំពុងឃើញឬអានអាចពិតដែរឬទេ និងមកពីប្រភពដែលគួរទុកចិត្តដែរឬទេ?។ ការផ្ទៀងផ្ទាត់ជាមួយប្រភពដែលអាចទុកចិត្តបានច្រើន អាចជួយទប់ស្កាត់ ឬកាត់បន្ថយព័ត៌មាននិងរូបភាពមិនពិតទាំងនេះពីការចែករំលែកកាន់តែ ច្រើនៗឡើង៕

ដោយ: ពុយ គា ដកស្រង់ប្រភព៖ BBC


ចែករំលែក៖