ព័ត៌មានទាន់ហេតុការណ៍៖

សូមបើកបរដោយការប្រុងប្រយ័ត្នខ្ពស់! បុរសម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូបុករថយន្តពីក្រោយ

ចែករំលែក៖

    ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីរូបគាត់ជិះម៉ូតូទៅបុករថយន្តពីក្រោយយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី៩ខែមីនាឆ្នាំ២០២២ត្រង់ចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៧និង៨៨។

   នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វណ្ណ វិសាល ភេទ ប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីកើតទៅលិច លុះ មកដល់ចំណុចខាងលើសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកអុីស៊ុយហ្ស៊ុយ (ISUZU) ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-6655 ជាប្រភេទរថយន្តសណ្តោងពាក់ស្លាកលេខ ព្រះសីហនុ 4A-3366 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចចេញពីកន្លែងកើតហេតុបាត់)ខណៈដែលរថយន្តនេះឈប់នៅលើចិញ្ចើមផ្លូវខាងស្តាំ។  ក្រោយពីកើតហេតុមន្ត្រីនគរបាលជំនាញបានប្រគលសពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ 

ចំណែកវត្ថុតាងទាំងពីរគ្រឿងសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹងដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖