ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ច​ ដាក់ផែនការស្រាវជ្រាវរកមុខសញ្ញាឆ្លងតាមស្ពានអាកាសថ្មេីរជើងចូលគាស់ផ្ទះប្រជាពលរដ្ឋនៅស្ដុបសន្ធរម៉ុក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ​ បានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធ​ករណី​នៅស្ដុបសន្ធរម៉ុកមានក្រុមចោរគាស់ផ្ទះកាត់ខ្សែភ្លើង និងបាត់បង់សម្ភារមានតម្លៃជារើយៗ។ ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី១​ បានដាក់ផែនការយាមកាម​ និងស្រាវជ្រាវរកមុខសញ្ញាឆ្លងតាមស្ពានអាកាសថ្មេីរជើងចូលគាស់ផ្ទះប្រជាពលរដ្ឋ​ ដេីម្បីយកមកដាក់ទោសតាមច្បាប់។ 

ជាក់ស្ដែង​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបញ្ហា “នៅស្ដុបសន្ធរម៉ុកមានបញ្ហាចោរគាស់ផ្ទះកាត់ខ្សែភ្លើង និងបាត់បង់សម្ភារមានតម្លៃជារើយៗ និងជាពិសេសតាំងពីធ្វើស្ពានថ្មើរជើងមានជនប្លែកៗ មុខជាច្រើនបានឆ្លងតាមស្ពានចូលក្នុងផ្ទះប្រជាពលរដ្ឋ ដែលទុកចោលនិងធ្វើសកម្មភាពបង្កអសន្តិសុខជាច្រើន ដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃដែលរស់នៅម្តុំនេះ”។ 

ក្រោយមក ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​ បានផ្តល់ព័ត៌មានឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួតពិនិត្យជាក់ស្តែងទីតាំងខាងលើ ជាលទ្ធផលកម្លាំងពុំឃើញមានជនប្លែកមុខ ឬជនអនាថាស្ថិតនៅទីតាំងខាងលើនោះទេ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ​ កំពុងដាក់ផែនការតាមដាន និងស្រាវជ្រាវរកមុខសញ្ញាជាបន្តនៅទីតាំងខាងលើនោះផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖