ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផឹកសុីក្នុងក្លឹបក្មេងស្ទាវ២ក្រុមបើកម៉ូតូធាក់​គ្នា​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​មនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

​ភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុម​ចេញពី​ផឹកស៊ី​សប្បាយ​នៅ​ក្នុង​ក្លឹបហើយ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​ធាក់​គ្នា​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ផ្លូវថ្នល់ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​​ម៉ោង​១​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាក​ហុងដា​ប៊ីត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IX-5132 ជិះ​ឌុ​ប​គ្នា​២​នាក់ ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ ។ 

​ប្រភព​ព័ត៌មាន​​ពី​មិត្តភក្តិ​របស់​ជន​រង​គ្រោះ បានឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់ និង​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ចូល​ផឹកស៊ី​នៅ​ក្នុង​ក្លឺប​មួយ​កន្លែង​យីហោ «​ក្លឹប មី​ត ណាយ​» ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ។ ខណៈ​ពេល​​ផឹកស៊ី​នោះ ក៏​បាន​ទាស់​ពាក្យ​សម្ដីឌឺដង​ដាក់​គ្នា​ជាមួយនឹង​ជន​បង្ក​នៅ​ក្នុង​ក្លឹប​នោះ បន្ទាប់​មក​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ចេញពី​ផឹកស៊ី​ក្នុង​ក្លឹប រួច​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។​នៅ​ពេល​កំពុង​តែ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​នោះ ដោយ​មិនដឹង​ខ្លួន​ថា មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ រួច​ធ្វើ​សកម្មភាព​ដេញ​ធាក់​ម៉ូតូ​របស់​គាត់​ទេ តែ​ពេល​នោះ​គឺ​ម៉ូតូ​របស់​គាត់​មិន​បាន​ដួល​ឡើយ ។ ​បន្ទាប់​មក ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ហួស​ទៅ​ធាក់​ម៉ូតូ​មិត្ត​ភក្ដិ​របស់​គាត់ ដែល​ជិះ​នៅ​ខាង​មុខ​ជិះ​មាន​គ្នា​២​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ផ្លូវថ្នល់ ហើយ​ម៉ូតូ​ក៏​សង្កត់ជាប់​ពីលើ​ស្ត្រី​រង​គ្រោះ​ធ្វើ​អោយ​បាក់ជើង​ម្ខាង​ផ្នែក​ខាងឆ្វេង ចំណែក​ខាង​ប្រុស​វិញ គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​ឯកជន​សម្ភព​រស្មី បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែក​ម៉ូតូ​វិញ ត្រូវ​បាន​ប្រជាពលរដ្ឋ​លើ​កទៅ​ដាក់​អែប​ខាង​។ ចំណែក​ជន​បង្ក​វិញ​ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិ​ច មាន​គ្នា​ចំនួន​៣​នាក់ មិន​ចាំ​ស្លាក​លេខ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើតហេតុ​។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបាន​យក​ម៉ូតូ​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រង់ចាំ​ម្ចាស់​ម៉ូតូ​យក​ឯកសារ​គ្រប់គ្រាន់​មកទើប​ប្រគល់​ឱ្យទៅ​វិញ​៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖