ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបើកប្រដេញក្រុមក្មេងស្ទាវជិះម៉ូតូ​វ៉ា​ក់​អើ​ជាមួយនឹង​រទេះដឹក​បន្លែក៏ជ្រុលបុករថយន្តគ្នាមិនដឹងថាមានរឿងអ្វី

ចែករំលែក៖

​ភ្នំពេញ ៖ រថយន្ដ Ford Ranger ​បើកបរ និង​រួម​ដំណើរ​ដោយ​យុវជន​មួយ​ក្រុម ហើយ​បាន​បើក​ប្រដេញ​គ្នា ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក Ford Rapter ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត ហើយ​រថយន្ត Ford Rapter ក៏​មិន​បាន​ឈប់​ដោះស្រាយ​នោះ​ទេ ក៏​បាន​បន្ថែម​ល្បឿន បើក​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​រថយន្ត Ford Ranger ដែល​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​ទៅ​មុខ​លែង​រួច ។

ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស (​ចំណុច​ស្តុ​ប​ពេទ្យ​ចិន) ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​​ឲ្យដឹង​ថា មុន​ពេល​កើតហេតុ គាត់បានឃើញរថយន្ត២គ្រឿង​ប្រដេញ​គ្នា ដោយ​មួយ​គ្រឿង​ម៉ាក Ford Rapter ពណ៌​ខ្មៅ មិនចាំស្លាកលេខ និងរថយន្តមួយ​គ្រឿង​ទៀត ម៉ាក Ford Ranger ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BF-1023 បើកបរ និង​រួម​ដំណើរ​ដោយ​យុវជន​មួយ​ក្រុម ។ ហើយ​រថយន្ដ​ទាំង​២​គ្រឿង​នេះ បាន​បើក​ប្រដេញ​យុវជន​មួយ​ក្រុម​ដែល​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​ក្នុង​ដៃ​មាន​កាន់​ដំ​ថ្ម​ទៀត ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​បន្ត​ថា ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ រថយន្ដ​Ford Rapter ក៏​ជាន់​ហ្រ្វ័ង​ឈប់​ទាំង​បង្ខំ ព្រោះ​វ៉ា​ក់​អើ​ជាមួយនឹង​រទេះដឹក​បន្លែ​មួយ​គ្រឿង ភ្លាម​ៗ​នោះ​រថយន្ត Ford Rangerដែលធ្វើដំណើរស្របទិសគ្នាមកពីក្រោយ ជាន់​ហ្វ្រ័ង​មិន​ទាន់​រួច​ក៏​ជ្រុល​បុក​ពីក្រោយរថយន្ត Ford Rapter ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​មួយ​កំណាត់​ក្រោយ ។ ចំណែក​រថយន្ត Ford Ranger ក៏​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ដោយ​បែក​ធុង​ទឹក ផ្ទុះ​ពោង​សុវត្ថិភាព ទៅ​មុខ​លែង​រួច ។ ភ្លាម​ៗ​នោះ គេ​ក៏​បានឃើញ​យុវជន​ភាគី​ខាង​ម៉ូតូ​បាន​យក​ដំ​ថ្ម​គប់​ទៅ​លើ​រថយន្ដ Ford Ranger រួច​ក៏​គេចខ្លួន​បាត់​ស្រមោល​អស់​​។ ចំណែកឯ​រថយន្ត Ford Rapter វិញ ក៏​មិន​បាន​នៅ​ទាមទារ​សំណង​អ្វី​ទេ ក៏​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល​ដូច​គ្នា​។

ក្រោយមកប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ត្រួតពិនិត្យ​ភ្លាម​ៗ​ផង​ដែរ នៅ​នឹង​កន្លែង​កើតហេតុ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដោយមើលឃើញថាមិនបង្កឲ្យប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋឲ្យម្ចាស់​រថយន្តស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖