ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ចេញសេចក្តីបំភ្លឺ ក្នុងនោះលើកឡើងនូវសារសំខាន់ ២ចំណុច ដូចខាងក្រោម :
1. បច្ចុប្បន្ន ឥណ្ឌូនេស៊ីគឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកបានស្នើឡើងដោយសហរដ្ឋអាមេរិក ហើយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។ កាលបរិច្ឆេទបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួលដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់។ គួរអោយសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើងគឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាននិងសហរដ្ឋអាមេរិកបានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង។
2. កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ានក្នុងការលើកពេលកិច្ចប្រជុំនេះ៕
ដោយ ៖ សិលា