ភ្នំពេញ ៖ សូមបញ្ជាក់ជូនថា, កន្លងទៅក្រុមហ៊ុនហាន់សុិញ មានកំហុសធ្ងន់ធ្ងរបំផុតករណីស្ថាបនាផ្លូវជាតិលេខ២១ បេ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅកាន់ស្រុកកោះធំ ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីមានការ ស្រុត ប្រេះ ស្រាំ ឈានដល់លោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ស៊ុន ចាន់ថុល ចាត់ទុកក្នុងបញ្ជីខ្មៅ និងឱ្យធ្វើការស្ថាបនាឡើងវិញ។ ថ្មីៗនេះ ក៏លេចឮថា, រាល់ការចូលដេញថ្លៃគម្រោងស្ថាបនាឡើងវិញផ្លូវជាតិកម្រិតស្តង់ដារអន្តរជាតិ ពាក់ព័ន្ធនឹងក្រុមហ៊ុន ហាន់សុិញ ខាងក្រសួងមិនអនុញ្ញាតអោយចូលដេញថ្លៃ ខណៈលោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ស៊ុន ចាន់ថុល ចាត់ទុកក្នុងបញ្ជីខ្មៅ បញ្ហាធ្វើផ្លូវមិនស្តង់ដារ។
កន្លងមក តំណាងក្រុមហ៊ុន «ហាន់ សុិញ» លោក Tae- Youp Roh (Tim) ជា Chief Representative -Vietnam Office -Cambodia Branch ធ្លាប់ទទួលស្គាល់ពីកំហុសនេះ ដោយលោកបានបញ្ជាក់ប្រាប់អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន” នគរវត្ត” ដល់ស្នាក់ការថា, «ករណីរឿងធ្វើផ្លូវឡើងវិញ កំណាត់ផ្លូវ២១បេ ដែលលោកទេសរដ្ឋមន្ត្រីចុះពិនិត្យផ្ទាល់នោះ ខាងក្រុមហ៊ុនលោកក៏បានប្តឹងរឿងនេះ ទៅកាន់តុលាការប្រទេសសិង្ហបុរី ខណៈអ្នកម៉ៅការបន្ត ហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនលោក ដែលខុសស្តង់ដារបច្ចេកទេសនោះ»។ លោក Tae- Youp Roh (Tim) បន្តថា «ក្នុងរឿងនេះ ខ្ញុំបានចំណាយពេលវេលាយ៉ាងយូរ ជាមួយនឹងថវិកាលើផ្លូវច្បាប់នៅក្នុងរឿងក្តី ប្តឹងនៅប្រទេសសិង្ហបុរីនោះ»។
សូមជម្រាបថា, មកទល់នឹងបច្ចុប្បន្ន ទោះជាក្រុមហ៊ុនហាន់សុិញ មានកំហុសក៏ដោយ ក៏គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តកំពង់ឆ្នាំងទៅដល់ចំណុចធ្លាម្អម ខេត្តពោធិ៍សាត់ , និងផ្លូវជាតិលេខ២, ផ្លូវជាតិលេខ២២ ដែលការស្ថាបនានេះមានការអីយឺតយ៉ាវ ផ្ដើមចេញពីកត្តាខ្វះគ្រឿងចក្រ សំអាងលើម៉ៅការបន្តទៅឱ្យក្រុមហ៊ុនតូចៗក្នុងស្រុក ហើយការដេញថ្លៃច្រើនតែទម្លាក់តម្លៃទាប។
សូមជម្រាបថា, លោក គង់ វិមាន នាយកខុទ្ទកាល័យក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា, (ខ្ញុំទទួលស្គាល់ចំពោះការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវជាតិលេខ៥កន្លងមក ហើយក៏មានខាងអង្គភាពសារព័ត៌មានជាច្រើនបានសួរនាំជុំវិញបញ្ហានេះ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលមានការថ្នាំងថ្នាក់ គួរតែមានកត្តាយោគយល់ខ្លះផង ចំពោះការសាងសង់នេះ ដោយសារតែមានកត្តាខ្លះយឺតយ៉ាវ បណ្ដាលឱ្យពួកគាត់ពិបាកក្នុងការចូលផ្ទះក៏ដូចជាការរកស៊ីជាដើម»។ លោកបន្តថា «ការស្ថាបនាដែលមិនបានលឿន ក៏ខាងក្រុមហ៊ុនអនុវត្តតាមផែនការ នៃកិច្ចសន្យារវាងក្រុមហ៊ុនជាមួយនឹងក្រសួងសាធារណការផងដែរ ទោះជាយ៉ាងណា គឺមិនត្រូវឱ្យដំណើរការមិនស្របតាមកិច្ចសន្យាដែលក្រសួងបានកំណត់»)។
លោកបានបន្តថា, ដោយសារតែការយឺតយ៉ាវនិងខ្វះគ្រឿងចក្រ លោកទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានធ្វើការស្ដីបន្ទោសនិងចេញលិខិតជាលាយលក្ខណ៍អក្សរផងដែរ។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងតែកម្មង់ទិញគ្រឿងចក្រពីបរទេស ហើយស្របពេលសម័យកូវីដ-១៩នេះគ្រឿងចក្រក៏មិនអាចនាំចូលបាន គឺកំពុងតែជាប់គាំងនៅប្រទេសវៀតណាម។ ដូច្នេះខាងក្រសួងបានបង្ខំឲ្យក្រុមហ៊ុនធ្វើយ៉ាងណាឈូសឆាយត្រាស់សេផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរជាបន្ទាប់បន្សំសិន។
មន្ត្រីខ្លះបានលើកឡើងថា, បើក្រុមហ៊ុនហាន់សុិញ ស្ថាបនាភ្លឺយឺតយ៉ាវ និងខ្វះគ្រឿងចក្រ ខាងក្រសួងមានសិទ្ធិក្នុងការដកហូត ចំពោះគម្រោងស្ថាបនាផ្លូវជាតិនោះឡើងវិញ ហើយអាចជ្រើសរើសក្រុមហ៊ុនក្នុងស្រុកដែលមានលទ្ធភាព ដើម្បីស្ថាបនាឱ្យបានទាន់ពេលវេលា ទៅតាមគម្រោងកិច្ចសន្យារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន តាមផែនការរបស់រាជរដ្ឋាភិបាល និងឆាប់បានផ្ដល់នូវសមិទ្ធផលជូនដល់ជនរួមជាតិ មិនត្រូវទុកឱកាសឲ្យក្រុមហ៊ុនហាន់សុីញធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត រហូតដល់ការស្ថាបនាផ្លូវជាតិទាំងនោះអាក់រអួល បង្កជាជង្ហុក ក៏ដូចជាធ្វើការស្ថាបនាខកខានជាប់ជាប្រចាំនោះឡើយ។
ចំពោះផ្លូវជាតិលេខ២ ស្ថាបនារាល់ថ្ងៃ របៀបខ្វះការទទួលខុសត្រូវ យឺតយូរ បង្ករអោយអ្នកធ្វើដំណើរ ងាយរងគ្រោះចរាចរណ៍ ប៉ះពាល់ដល់រកស៊ីរបស់ប្រជាពលរដ្ឋ ខណៈដីកាយទ្កចោលយូរ កន្លែងខ្លះធ្វើរអាក់រអួល ផ្តើមចេញពីកង្វះគ្រឿងចក្រជាកត្តាចម្បង។ ប៉ុន្តែ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន លោកយកចិត្តទុកដាក់ណាស់ លើការពិនិត្យលើ គុណភាព ស្តង់ដារ បច្ចេកទេស រាល់ការស្ថាបនាផ្លូវជាតិនីមួយៗ ទើបចាត់ទុកក្រុមហ៊ុនហាន់សុីញក្នុងបញ្ជីខ្មៅ។ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ផ្លូវជាតិល្បឿនលឿន ដែលកម្ពុជា អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ ដូច្នេះ យើងត្រូវទទួលស្គាល់ពីតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺ
– អរគុណសន្តិភាព
– អរគុណនយោបាយ ឈ្នះ ឈ្នះ
– គោរពដឹងគុណស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវ សុខសន្តិភាព អភិវឌ្ឍន៍ និងឯកភាពជាតិពេញលេញ
ទាំងនេះហើយដែលធ្វើឲ្យប្រជាជនយើងមានស្នាមញញឹម មានការជួបជុំសប្បាយរីករាយក្នុងក្រុមគ្រួសារប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនទៅតាមលទ្ធភាព៕
ដោយ ៖ សិលា