ព័ត៌មានទាន់ហេតុការណ៍៖

នៅពេទ្យធ្មេញ​យីហោ អុី​ មេក​ ក្នុងខណ្ឌដង្កោ​មានបុគ្គលិកម្នាក់ដេកស្លាប់លើសាឡុង

ចែករំលែក៖

      ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលជាខ្លាំង​ ពេលគេឃើញយុវជនម្នាក់ដែលជាបុគ្គលិកពេទ្យធ្មេញ​បានដេកស្លាប់នៅលើសាឡុង​ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋាន​ និងផ្នែកជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ​កាលពីវេលាម៉ោង១០និង៥នាទីព្រឹក​ថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២២ ស្ថិតនៅចំណុចពេទ្យធ្មេញ​ អុី​ មេក​ ផ្ទះលេខ១០៤​ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

    សពយុវជនរងគ្រោះមានឈ្មោះ វណ្ណ ថុនា អាយុ១៩ឆ្នាំ ជាបុគ្គលិកពេទ្យធ្មេញ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិសែនពន្លង់ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

    យោងតាមប្រភពពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះជាកូនច្បង សព្វថ្ងៃនៅលីវ បានមកធ្វើការជាបុគ្គលិកពេទ្យធ្មេញខាងលេីច្រើនឆ្នាំហើយ។ នៅព្រឹកថ្ងៃកើតហេតុគ្រូពេទ្យធ្មេញមិនឃើញបុគ្គលិកបើកទ្វារក៏ចុះមកបើកទ្វារស្រាប់តែឃើញជនរងគ្រោះដេកលើសាឡុងក៏ស្រែកហៅតែមិនឆ្លើយតប​ ក៏បានយកដៃទៅអង្រួនទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះគ្រូពេទ្យធ្មេញក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានើម្បីឱ្យចុះមកពិនិត្យសពតែម្ដង។

    ក្រោយពីទទួលបានព័ត៌មានថា​មានមនុស្សស្លាប់នៅលើសាឡុងនៃគ្លីនិកពេទ្យធ្មេញមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញខាងធ្វើកោសល្យវិច័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យសាកសព​ ។ 

    បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចរាល់​ក៏បានបញ្ជាក់ថា សពជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង មិនជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅស្រុកកំណើត​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖