ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ គិតត្រឹមដើមឆ្នាំ២០២២នេះនៅភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង៣០០កន្លែង អគារខ្ពស់ៗជាង១.៦០០អគារ និងមានគម្រោងសង់ថ្មីជាង១.០០០គម្រោង ក្នុងទំហំទឹកប្រាក់ជាង២,២៦ ពាន់លានដុល្លាអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញគិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និង អគារខ្ពស់ៗចំនួន១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ហើយក្នុងឆ្នាំ ២០២១ កន្លងទៅ យើងទទួលបានតម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។

   នេះបើតាមការបញ្ជាក់ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការលំនៅឋាន-ដីឡូត៍ របស់គម្រោង តាមោកស៊ីធីលែន” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

   លោក ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖គម្រោង តាមោកស៊ីធីលែនលើការបណ្តាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅរាជធានីភ្នំពេញនាពេលនេះគឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាល ក្នុងការខិតខំទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺការខិតខំបង្កើនជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បី បណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

   លោកបន្តថា៖ ទោះបីក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ វិបត្តិជំងឺកូវីដ-១៩ បានបង្កការគំរាមកំហែងដល់ សេដ្ឋកិច្ចសកល ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងណាក្តី ប៉ុន្ដែ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី 

បានដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ខ្ពស់លើបញ្ហាទាំងនេះ និងបានដាក់ចេញនូវវិធានការគាំពារ សំដៅកាត់បន្ថយផលប៉ះពាល់វិស័យសេដ្ឋកិច្ច-សង្គមកិច្ច រក្សា លំនឹងផលិតកម្ម-អាជីវកម្ម និងបង្កើនភាពធន់ដល់វិស័យឯកជន ហើយរាជរដ្ឋាភិបាល តែងតែចាត់ទុកថា វិស័យឯកជន គឺ ជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។ តាមរយៈការសម្រេចបាននូវអត្រាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ប្រទេសកម្ពុជាយើង បានក្លាយ ជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់ និងលើពិភពលោក ដែលសម្រេចបានការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន ក្នុងកម្រិតខ្ពស់ជាងគេ និងកំពុងបង្កើតបានភាពសាំសហគមន៍ពិតប្រាកដ សម្រាប់ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ដើម្បីការពារអាយុជីវិតប្រជាជនខឿនសុខុមាលភាពសាធារណៈ និងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញ លេញឡើងវិញលើគ្រប់វិស័យ។

    អភិបាលរាជធានីបន្តទៀតថា៖ទន្ទឹមគ្នានឹងវឌ្ឍនភាព ក៏ដូចជានិន្នាការជាវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មាន ថានឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្ត របស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារៈសំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម និងខុនដូទំនើបៗ។

  លោកបានបន្តទៀតថា៖ គម្រោងលំនៅឋាន-ដីឡូតិ៍តាមោកស៊ីធីលែន នឹងរួមចំណែកធ្វើឱ្យភាគខាងលិចឆៀងខាងជើងរាជធានីភ្នំពេញ កាន់តែមានសក្តានុពលប្រកួតប្រជែងក្នុងវិស័យអចលនទ្រព្យ លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងចូលរួមបំពេញ តម្រូវការទីផ្សារលំនៅឋានជូនបងប្អូនប្រជាពលរដ្ឋ កាន់តែមានជម្រើសសម្បូរបែប ស្របពេលដែលតម្រោងអភិវឌ្ឍន៍ ទាំងផ្នែករដ្ឋ និងទាំងផ្នែកឯកជនជាច្រើន កំពុងតម្រង់ឆ្ពោះមករកតំបន់នេះ។   

លោកបន្ថែមថា៖គម្រោងលំនៅឋាន-ដីឡូតិ៍តាមោកស៊ីធីលែន ដែលបាន បើកដំណើរការ នាពេលនេះ គឺជាមនុញ្ញផល នៃសន្តិ ភាពតាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ដូច្នេះរ យើងទាំងអស់គ្នា ត្រូវរូបរួមគ្នា ដើម្បីការពារសន្តិភាព ព្រោះថា “សន្តិភាព” មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយដរាបណាយើងមានសន្តិភាព នោះទើបជាតិមាតុភូមិយើងមានការអភិវឌ្ឍរីកចម្រើន ទៅមុខបន្ថែមទៀត។

លោកអភិបាលរាជធានីក៏បានអំពាវនាវអោយបុគ្គលិក កម្មករ-និយោជិត ក្រុម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបន្តអនុវត្តនូវវិធានសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ ៣ការពារ និង៣កុំ”របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងត្រូវរួសរាន់អញ្ជើញទៅចាក់ វាំក់សាំង ឬ នាំយកបុត្រធីតាទៅទទួលវាំកំសាំងបង្ការជំងឺកូវីដ-១៩ អោយបានគ្រប់គ្នា ព្រោះថាការ ចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រតន្លឹះដ៏សំខាន់ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង និងប្រភេទផ្សេងៗទៀត យ៉ាងមានប្រសិទ្ធភាព។

   លោកស្រី  អ៊ាន អេឡែន នាយិកាគម្រោងពា មោកស៊ីធឺលែន បានបញ្ជាក់ថា ៖ លំនៅឋាន-ដីឡូត៍ របស់គម្រោង តាមោកស៊ីធីលែន មានផ្ទៃដីចំនួន៤៤ហិកតា ជាប់ផ្លូវ៦០ម៉ែត្រនិងមហាវិថីឈ្នះឈ្នះ មានចំងាយពីស្ពានព្រែកព្នៅ៤គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

    

ដោយ ៖ សំរិត


ចែករំលែក៖