ខេត្តពោធិ៍សាត់ ៖ កាលព្រឹកម្សិលមិញថ្ងៃពុធ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចផ្លូវទឹកព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងចំរុះសហការបង្រ្កាបការនេសាទខុសច្បាប់ស្ដីពីជលផល ដោយឃាត់ខ្លួនក្រុមជនប្រព្រឹត្តជនជាតិវៀតណាមចំនួន៨នាក់ រួមទាំងឧបករណ៍ជាវត្ថុតាងមួយចំនួន នេះបើតាមការបញ្ជាក់ពីកម្លាំងចំរុះដែលបានចុះផ្ទាល់ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ក្រុមជនប្រព្រឹត្តជនជាតិវៀតណាម ទី-១ ឈ្មោះ ង្វៀង យុំាងឡុក ភេទប្រុស អាយុ ៤០ឆ្នាំ ទី-២ ឈ្មោះ ង្វៀង យុំាងចូវ ភេទប្រុស អាយុ ២០ឆ្នាំ ទី-៣ ឈ្មោះ ផាង យុំាងសាង ភេទប្រុស អាយុ ៣០ឆ្នាំ ទី-៤ ឈ្មោះ ចឹង យុំាងឡឺង ភេទប្រុស អាយុ ២០ឆ្នាំ ទី-៥ ឈ្មោះ ង្វៀង យុំាងតាយ ភេទប្រុស អាយុ ៣០ឆ្នាំ ទី-៦ ឈ្មោះ ង្វៀង យុំាងកូយ ភេទប្រុស អាយុ ១៣ឆ្នាំ បច្ចុប្បន្ន អ្នកទាំងចំនួន៦នាក់នេះ ស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិទី-៥ ឃុំកំពង់លួង ស្រុកក្រគរ ទី-៧ ឈ្មោះ វិន សាង ភេទប្រុស អាយុ ១៩ឆ្នាំ និងទី-៨ ឈ្មោះ សុខ ហុង ភេទប្រុស អាយុ ២៤ឆ្នាំ បច្ចុប្បន្ន អ្នកទាំងពីរស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិទី-១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានបន្តទៀតថា ក្នុងនោះវត្ថុតាងរួមមានៈ អ៊ួនកែច្នៃអូសទឹកសាបចំនួន៤វង់ សំបកបាឡាឈើភ្ជាប់ម៉ាស៊ីនម៉ាក ដេវ៉ូ ចំនួន៣គ្រឿង សំបកបាឡាស្មាច់ភ្ជាប់ម៉ាស៊ីនម៉ាក សាំយ៉ុង ចំនួន១គ្រឿង សំបកបាឡាស្មាច់ភ្ជាប់ម៉ាស៊ីនម៉ាក ហ៊ីណូតា ចំនួន២គ្រឿង បច្ចុប្បន្ន រក្សាទុកជាបណ្ណោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ។
ដោយឡែកៈ ក្រុមជនប្រព្រឹត្តជនជាតិវៀតណាមទាំងចំនួន៨នាក់ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបញ្ជូនទៅតុលាការហើយ ៕
ដោយ៖ បុឹម ពិន