ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុប

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃទី១០ ខែមីនា បានដកស្រង់ប្រភពពីក្រសួងការបរទេសរុស្ស៊ី ដែលបានបញ្ជាក់ថា រុស្ស៊ីនឹងលែងចូលរួមក្នុងក្រុមប្រឹក្សាអឺរ៉ុបទៀតហើយ។
ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហគមន៍អឺរ៉ុប EU កំពុងតែបំផ្លាញស្ថាប័នដែលបានបង្កើតឡើងដើម្បីរក្សាសិទ្ធិមនុស្ស ច្បាប់ និងប្រជាធិបតេយ្យ។
រុស្ស៊ីគឺជាសមាជិកក្រុមប្រឹក្សាអឺរ៉ុបនៅឆ្នាំ១៩៩៦ ។ កាលពីខែមេសាឆ្នាំ២០១៤ ក្រុមប្រឹក្សារដ្ឋមន្ត្រីនិងក្រុមប្រឹក្សាសភាអ៊ឺរ៉ុប បានអនុម័តសេចក្តីសម្រេចផ្អាកសិទ្ធិបោះឆ្នោតរបស់គណៈប្រតិភូរុស្សី បន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ជាការឆ្លើយតប រុស្ស៊ីបានដកខ្លួនចេញនៅចុងឆ្នាំ២០១៥ ហើយក្រោយមកបានបញ្ឈប់ការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ខ្លួនចំពោះថវិការបស់ក្រុមប្រឹក្សាអឺរ៉ុប។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៩ ក្រោមការផ្សះផ្សារបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានសម្រេចដាក់រុស្ស៊ីឱ្យចូលក្នុងក្រុមប្រឹក្សាអឺរ៉ុបជាថ្មីឡើងវិញ ។ ប៉ុន្តែនៅពេលនេះរុស្ស៊ីនឹងដកខ្លួនចេញដោយខ្លួនឯងដើម្បីប្រឆាំងទៅនឹងសកម្មភាពរបស់អ៊ឺរ៉ុបចំពោះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖