ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ឈប់ម៉ូតូនិយាយទូរស័ព្ទនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ​ត្រូវជនសង្ស័យរត់មកឆក់ទូរស័ព្ទបានសម្រេច​

ចែករំលែក៖

    ភ្នំពេញ​ ៖​ នារីវ័យក្មេងម្នាក់​ត្រូវបានជនសង្ស័យម្នាក់រត់មកឆក់យកទូរស័ព្ទដៃបានសម្រេច​ ខណៈដែលកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទនៅប្របចិញ្ចើមផ្លូវក្រោមស្ពានអាកាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នាវេលាម៉ោង៣​និង៥០នាទីរសៀលថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២២​ ។ 

    នារីរងគ្រោះបានប្រាប់ឱ្យដឹងថា​ ទូរស័ព្ទដែលជនសង្ស័យឆក់យកទៅនោះម៉ាក iPhone 7 plus ។ជនរងគ្រោះមិនបានប្រាប់ពីអត្តសញ្ញាណរបស់ខ្លួនឱ្យស្គាល់ទេ ប៉ុន្តែរូបគាត់បានរៀបរាប់ទាំងទឹកភ្នែកថា នាងស្តាយទូរស័ព្ទរបស់នាងណាស់ ហេតុអីគ្រាន់តែឈប់ម៉ូតូនិយាយទូរស័ព្ទត្រូវចោរឆក់​?  នាងបានប្រាប់ទៀតថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូ nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1X-7011 ដឹកផ្លែឈើ ដោយធ្វើដំណើរពីស្តុបផ្សារដើមគក្នុងគោលបំណងទៅស្ទឹងមានជ័យ។ ពេលបើកឆ្លងកាត់ចំណុចខាងលើក៏បានឈប់ម៉ូតូទាក់ទងរកទីតាំងរបស់អតិថិជនក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ដើរឆ្លងផ្លូវមកឆក់យកទូរស័ព្ទរបស់នាង រួចរត់គេចខ្លួនទៅម្តុំក្រោមស្ពានបាត់ស្រមោល ដោយខ្លួននាងតែម្នាក់ឯងមិនហ៊ានដេញតាមឆ្ងាយទៀតក៏ត្រលប់មកកន្លែងកើតហេតុវិញប្រាប់ទៅសមត្ថកិច្ចចរាចរណ៍នៅគោលដៅនោះឱ្យជួយធ្វើអន្តរាគមន៍។ 

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានចុះមកដល់ចំណុចកើតហេតុ​ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីកំណត់មុខសញ្ញា ប៉ុន្តែជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងទេ រួចសាច់ញាតិនារីរងគ្រោះបាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់តែម្ដង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖