ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​គយ បន្តបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿង ក្នុងរាជធានីភ្នំពេញ​ ក្នុង​រយៈពេល២ថ្ងៃនេះ!

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១០ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​ បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន៥គ្រឿង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលសុទ្ធសឹងជ្រកក្រោមស្លាកលេខក្លែងក្លាយ ស្លាកលេខ ន.ប និងខ.ម។

ប្រភពដដែលបន្តថា​ ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំងជំនាញ​បានឃាត់រថយន្តស៊េរីទំនើបទាំង៥គ្រឿងរួមមាន៖ រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៨ ពាក់ស្លាកលេខក្លែងក្លាយ, រថយន្តម៉ាក Lexus 570 ឆ្នាំ២០១៤ ចង្កូតឆ្វេង ពាក់ស្លាកលេខ ខម, រថយន្តម៉ាក VENZA ឆ្នាំ២០១១ ចង្កូតឆ្វេងពាក់ស្លាកលេខ នប, រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១១ ពាក់ស្លាកលេខក្លែងក្លាយ, រថយន្តម៉ាក Ford Ranger XLT ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០១៨។

គួរជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១​កន្លងទៅនេះ​ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កូតឆ្វេង និងរថយន្តចង្កូតស្តាំ (កែចង្កូតរួចបង់ពន្ធ) អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ដោយទទួលបានទឹកប្រាក់ពន្ធជិត៥០លានដុល្លារ។

គួររម្លឹកថា​ កន្លងទៅ​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ សូមចូលមកបង់ពន្ធឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែមិនទទួលបានការអនុគ្រោះ១០%ដូចមុនឡើយ។​ 

គួរបញ្ជាក់ថា​ សម្រាប់រថយន្តចង្កូតឆ្វេង ម្ចាស់នៅតែអាចចូលមកបង់ពន្ធ បានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែពុំទទួលបានការអនុគ្រោះពន្ធ ១០% ដូចមុនទៀតទេ។ សម្រាប់រថយន្តចង្កូតស្តាំ ម្ចាស់អាចមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ-អាករដក១០% ហើយយករថយន្តរបស់ខ្លួន ទៅកែចង្កូតពីស្តាំមកឆ្វេង។ ឱសានវាទថ្ងៃបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមស្លាកលេខផ្សេងៗ គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

បន្ថែមពីនេះ​ លោកបណ្ឌិត​ គុណ​ ញឹម​ ក៏បានសង្កត់ធ្ងន់ដែរថា៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ យានយន្តគ្មានពន្ធ ដែលបានបង្ក្រាបនឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះជាគ្រឿងបន្លាស់។ ជាមួយនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដូចភ្លៀងរលឹមចំពោះរថយន្តអត់ពន្ធដែលចរាចរលើដងផ្លូវ៕

ដោយ​៖សហការី​


ចែករំលែក៖