ព័ត៌មានទាន់ហេតុការណ៍៖

ប្រើធម៌ក្តៅហើយ ! អភិបាលខេត្តកំពង់ចាមព្រមានចាប់មន្ត្រីណា ដែលផ្អិបឯកសារទុកដើម្បីទារលុយពីពលរដ្ឋទៅ អង្គភាពប្រឆាំងអំពើពុករលួយ ឱ្យដឹងខ្លួនម្តង !

ចែករំលែក៖

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាមឱ្យដឹងថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ម្សិលមុិញ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងខេត្តកំពង់ចាមមានប្រជាពលរដ្ឋសរុបប្រមាណជាជាងមួយលាននាក់ ដូច្នេះត្រូវប្រើប្រាស់ឯកសារអត្រានុកូលដ្ឋានច្រើន ហើយឯកសារទាំងនោះត្រូវផលិតចេញពីថ្នាក់ជាតិ។ 

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ថាលោកមិនអត់ឱនឱ្យមន្ត្រីខិលខូចណាដែលប្រើល្បិចតម្កល់ឯកសារទុកដើម្បី ទាមទារផលប្រយោជន៍ពីប្រជាពលរដ្ឋក្នុងការបម្រើសេវានោះទេ។ ដោយលោកព្រមានថានឹងចាប់មន្ត្រីទាំងនោះបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយប្រសិនបើករកឃើញមានករណីនេះកើតឡើង។

សូមបញ្ជាក់ថា, កន្លងមករដ្ឋបាលខេត្តកំពង់ចាមទទួលបានឯកសារអត្រានុកូលដ្ឋានមិនគ្រប់តាមសំណូមពរទេធ្វើឱ្យបណ្តាឃុំជួបនូវការខ្វះខាតខ្លះ ដែលអាចមានមន្ត្រីមួយចំនួនតូច ស្តុកឯកសារដើម្បីដោះដូររកផលប្រយោជន៍ពីប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ចំពោះមុខប្រធានក្រុមប្រឹក្សាខេត្ត លោក ខ្លូត ផន ថានឹងចាត់ការទៅតាមផ្លូវច្បាប់ចាប់ខ្លួនមន្ត្រីខិលខូចទាំងនោះបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ។

ការព្រមានរបស់លោក អ៊ុន ចាន់ដា នៅពេលនេះគឺក្រោយការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត លោក កៅ ចេស្តា លើព័ត៌មានដែលក្រុមប្រឹក្សាខេត្តទទួលបានទាក់ទិនទៅនឹងករណីដែលមានមន្ត្រីផ្អិបឯកសារទុកមិនចេញឱ្យប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

ការលើកឡើងខាងលើដោយ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាការបង្ហាញពីភាពយុត្តិធម៌សង្គម បម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ស្របតាមការណែនាំពីក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន និងទទួលបានកាតគាំទ្រពីប្រជាពលរដ្ឋពេញទំហឹង ៕

ដោយ ៖ សិលា


ចែករំលែក៖