ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញថា៖ ភ្នំពេញ មានការអភិវឌ្ឍច្រើន និងមានការទាក់ទាញខ្លាំងពីសំណាក់ ភ្ញៀវទេសចរណ៍ជាតិ .អន្ដរជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ចែករំលែក៖

ភ្នំពេញ៖ មន្ដ្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងនៅថ្ងៃ១១ មីនា ២០២២នេះថា៖ រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ត្រូវបានភ្ញៀវ ទេសចរណ៍ ជាតិ.អន្ដរជាតិ បានចាប់អារម្មណ៍ ខ្លាំងចូលមកទស្សនា ក៏ដូចជាមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ យ៉ាងច្រើន មិនធ្លាប់មានពីមុនមក ។ បើទោះបីក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ កំពុងរាលដាលចូលសហគមន៍ក្ដី ។ 

   ភាពទាក់ទាញទាំងនេះ ដោយសារ ភ្នំពេញមានសួនច្បារ ជាច្រើនកន្លែងយ៉ាង ល្អប្រណិត ៗ មានទាំងកន្លែងហាត់ប្រាណ កន្លែងអង្គុយ លេងស្រូបយកខ្យល់អាកាសក្រោយពីសម្រាកការងារឬថ្ងៃបុណ្យទានជាដើម មានដើមឈើ សួនស្មៅ បង់អង្គុយ លេង  បង្គន់សាធារណៈ ជាដើម។ ចំណែក នៅតាមដងទន្លេសាបឯណោះវិញ នៅពេលនេះវិញដើមឈើ ផ្លាសាគូរ៉ា បាននិងកំពុងរីកស្គុះស្គាយគួរជាទីគយគន់ មិនចាញ់សាគូរ៉ានៅប្រទេសជប៉ុននោះឡើយ ។ ភាពទាក់ ទាញមួយទៀតនោះ គឺនៅរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងស្ពានអាកាស ស្ពានអាកាសថ្មើរជើងផ្លូវ ក្រោមដី ការកសាងនូវបណ្ដាញលូថ្មី ជាច្រើនខ្សែ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ។ 

      ជាងនេះទៅទៀតអ្វី ដែលជាការចាប់អារម្មណ៍មួយទៀតនោះ គឺនៅប៉ុន្មានឆ្នាំចុង ក្រោយនេះ រាជធានីភ្នំពេញ បានផុសឡើងនូវអគារខ្ពស់ៗ ខុនដូប្រណិតៗ បណ្តុំផ្ទះល្វែងជាច្រើនកន្លែង បានផុសឡើងព្រមៗគ្នាទាំងនៅជាយក្រុងនិងនៅកណ្ដាលរាជធានីភ្នំពេញ។

     ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមីនាឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ រួចមកហើយថា៖ គិតត្រឹមដើមឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និង អគារខ្ពស់ៗចំនួន ១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ហើយក្នុងឆ្នាំ ២០២១ កន្លងទៅ យើងទទួលបានតម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ៕

ដោយ ៖ សំរិត


ចែករំលែក៖