ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្ត​ព្រះសីហនុ​៖ មានគណនីតេឡេក្រាមក្លែងក្លាយយករូបថតលោក គួច ចំរើន ដើម្បីអូសទាញពលរដ្ឋកម្ពុជាឱ្យបណ្តាក់ទុនវិនិយោគលើគម្រោងជួញដូររូបិយប័ណ្ណឌីជីថលដែលមិនមានប្រភពច្បាស់លាស់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅល្ងាចថ្ងៃសុក្រទី១១​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ថ្មីៗនេះមានគណនីតេឡេក្រាមឈ្មោះ Chakra Bourey បានយករូបថត លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មកដាក់តាំងក្នុងគណនីរបស់ខ្លួន ជាគណនីក្លែងក្លាយដែលប្រើប្រាស់ជាជនបរទេស និងមានមូលដ្ឋាននៅក្រៅប្រទេស។ 

ប្រភពដដែលបន្តថា​ គណនីតេឡេក្រាមឈ្មោះ Chakra Bourey និងបក្សពួកបានបង្កើតគ្រុបតេឡេក្រាមឈ្មោះ APETRONVIC LIMITED ដែលមានសមាជិក ប្រមាណជាង៤០០០នាក់ ដែលសមាជិកទាំងនោះភាគច្រើន ជាគណនីក្លែងក្លាយ ដែលប្រើប្រាស់ដោយជនបរទេស ដើម្បីអូសទាញប្រជាពលរដ្ឋកម្ពុជាឱ្យបណ្តាក់ទុនវិនិយោគលើគម្រោងជួញដូររូបិយប័ណ្ណឌីជីថលដែលមិនមានប្រភពច្បាស់លាស់។ 

  សូមជម្រាបជូនបន្ថែមថា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មិនមានផលរបរ ឬសកម្មភាពពាណិជ្ជកម្មខាងក្រៅជាមួយក្រុមនេះ និងក្រុមផ្សេងទៀតនោះទេ។ សូមបងប្អូនសាធារណជនទាំងអស់ កុំមានការយល់ច្រឡំ និងកុំឱ្យចាញ់ឧបាយកលឆបោករបស់ក្រុមជនខាងលើ ដែលនាំឱ្យអន្តរាយដល់ទ្រព្យសម្បត្តិរបស់ខ្លួន។ 

ខាងក្រោមនេះជាតំណភ្ជាប់គេហទំព័រ និងគ្រុបតេឡេក្រាមរបស់ក្រុមជនខាងលើ៖ 

    https://apetronvic.com/

    https://t.me/+xJzMjNmdXm02MWU0

អាស្រ័យដូចបាន ជម្រាបជូនខាងលើសូម សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងស្នើសុំសមត្ថកិច្ចដែលមានការពាក់ព័ន្ធធ្វើការស្រាវជ្រាវវែកមុខក្រុមជនខាងលើដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖