ព័ត៌មានទាន់ហេតុការណ៍៖

តើរុស្ស៊ីប្រើមីស៊ីលប៉ុន្មានគ្រាប់ហើយ ក្នុងការវាយប្រហារអ៊ុយក្រែន?

ចែករំលែក៖

ប្រភពព័ត៌មានពីកម្លាំងទាហានអាមេរិកបានឱ្យដឹងថា រុស្ស៊ីបានបាញ់មីស៊ីលនាំផ្លូវជិត៨០០គ្រាប់ហើយទៅលើទីតាំងក្នុងប្រទេសអ៊ុយក្រែនរយៈពេលកន្លះខែកន្លងមក ដោយទទួលបានជោគជ័យជាច្រើនក្នុងការឡោមព័ទ្ធរដ្ឋធានីកៀវ ។
សារព័ត៌មាន CNBC នៅថ្ងៃទី ១១ខែមីនាបានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិអាមេរិកដែលបានឱ្យដឹងថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលវាយប្រហារដល់ទៅ៧៧៥គ្រាប់គ្រប់ប្រភេទទៅលើទីតាំងនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមវាយប្រហារនៅថ្ងៃទី២៤ខែមីនា ក្នុងនោះមានមីសុីលរយៈចម្ងាយខ្លី មធ្យមនិងមីស៊ីលអន្តរទ្វីបផងដែរ។
មន្ទីរបញ្ចកោណអាមេរិកបានកត់ត្រាពីការវាយប្រហារដោយកាំភ្លើងធំ គ្រាប់បែក និងការវាយប្រហារដោយមីស៊ីលពីយន្តហោះចម្បាំង ក៏ដូចជាជើងទម្រវាយប្រហារពីដីគោក។ ទាហានអាមេរិកបានបញ្ជាក់ថា មីស៊ីលរបស់រុស្ស៊ីគឺគ្របដណ្តប់នៅទូទំាងប្រទេសអ៊ុយក្រែន ។
តាមប្រភពព័ត៌មានពីកម្លាំងទាហានអាមេរិកបានបញ្ជាក់ថា រុស្ស៊ីបានឡោមព័ទ្ធរដ្ឋធានីកៀវ ដោយមានចម្ងាយតែ១៥គីឡូម៉ែត្រប៉ុណ្ណោះ។ រូបភាពពីផ្សាយរណបបានង្ហាញឱ្យឃើញថា ក្បួនរថយន្តយោធារបស់រុស្ស៊ីមានប្រវែងដល់ទៅ ៦៤គីឡូម៉ែត្រនៅភាគខាងលិចរដ្ឋធានីកៀវត្រៀមវាយប្រហារ៕ ដោយ៖ ធីរីណា

រូបថត៖Maxar Technologies


ចែករំលែក៖