ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីការកំណត់លក្ខណៈសម្បត្តិ និងនីតិវិធីនៃការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ៖ កន្លងមក ក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនវុត្តកម្មវិធីកំណែទម្រង់កងកម្លាំងនគបាលជាតិជាបន្តបន្ទាប់ ឱ្យបានស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលទៅតាមដំណាក់កាលនីមួយៗ ដោយក្នុងនោះក្រសួងមហាផ្ទៃបានធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងកែសម្រួលតួនាទីភារកិច្ចព្រមទាំងកំណត់នូវលក្ខណៈសម្បត្តិ និងណែនាំនូវនីតិវិធីសម្រាប់ការងារតែងតែងមុខតំណែងមន្ត្រីនគបាលជាតិជាបន្តបន្ទាប់។

លើសពីនេះទៀត ក្នុងស្ថានភាពបច្ចុប្បន្ននេះដើម្បីពង្រឹង ការងារតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិឱ្យកាន់តែល្អប្រសើរថែមទៀត សំដៅបង្កើនប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ធ្វើការណែនាំអំពីការកំណត់លក្ខណៈសម្បតិ្ត និងនិតិវិធីក្នុងការត្រួតពិនិត្យវាយតម្លៃសម្រាប់ការស្នើសុំតែងតាំងមុខតំណែងជូនដល់មន្ត្រីនគរបាលជាតិទាំងពីរភេទ រួមមានដូចខាងក្រោម៖

១.មានមនសិការស្នេហាជាតិ ស្មោះត្រង់ និងមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ

២.គោរព និងប្រតិបត្តិបានម៉ឺងម៉ាត់នូវរាល់បទបញ្ជាផ្ទៃក្នុង គោលនយោបាយ និងច្បាប់របស់រដ្ឋ

៣.មានគំនិតផ្តួចផ្តើមច្នៃប្រឌិត មុខជំនាញវិជ្ជាជីវៈច្បាស់លាស់ ឧស្សាហ៍ព្យាយាម សកម្មការងារ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងមានបទពិសោធន៍ល្អ

៤.មានសីលធម៌រស់នៅស្អាតស្អំ មិនប្រព្រឹត្តអំពើដែលបណ្តាលឱ្យប៉ះពាល់ដល់កិត្យានុភាពអង្គភាព និងកិត្តិយសរបស់ជាតិ

៥.មានសាមគ្គីភាពល្អ ទំនាក់ទំនងទូលំទូលាយជាមួយមន្ត្រីរួមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ចេះកៀរគរកម្លាំងសាធារណៈចូលរួមសហការបំពេញភារកិច្ចសម្រេចបានលទ្ធផលល្អ

៦.ជាសេវាបម្រើ ជាអ្នកការពាដ៏ស្មោះត្រង់ និងទទួលបានទំនុកចិត្តពីអង្គភាព និងប្រជាពលរដ្ឋ

៧.មានសមត្ថភាពគ្រប់គ្រងបញ្ជាដឹកនាំ និងបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព មានការគាំទ្រ គោរពស្រឡាញ់ជឿជាក់ទុកចិត្តពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ

៨.មានសុខភាពល្អ និងកាយសម្បទាមាំមួន

៩.បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញនគរបាលជាតិយ៉ាងតិចពីរខែ

ជាមួយគ្នានេះដែរ រាល់ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមរបៀបរបបការងារ គោលការណ៍ លក្ខណៈសម្បត្តិនៃការតែងតាំង និងត្រូវបំពេញបែបបទឱ្យបានត្រឹមត្រូវផងដែរ៕

ខ្លឹមសារលម្អិតសូមអានសេចក្តីណែនាំដូចខាងក្រោម៖

ដោយ ៖ សិលា


ចែករំលែក៖