ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់អាយុមួយខួបកន្លះបានលង់ទឹកបៀរស្លាប់បង្កការភ្ញាក់ផ្អើលដល់ជីដូនស្រែកហៅអ្នកភូមិឱ្យជូយស្រង់ដាក់លើគោកធ្វើចលនាដើមទ្រូងនិងដៃជើងលើករលាក់ទឹកចេញតែអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះ កនហុន លីគង់ អាយុ១ឆ្នាំកន្លះ មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញក្មេងប្រុសរងគ្រោះបានអង្គុយលេងគំនរខ្សាច់ខាងមុខផ្ទះតែម្នាក់ឯង។ បន្ទាប់មកក្មេងនេះក៏បានឡើងរបងមុខផ្ទះកម្ពស់ប្រាំមួយសង់ទីម៉ែត្រហើយក៏ធ្លាក់ចូលក្នុងទឹកបៀរប៉ុន្តែម្នាក់ៗមិនបានចាប់អារម្មណ៍នោះទេ។
ចំណែកលោកយាយជាអ្នកមើលថែចៅកំពុងជាប់រវល់ឆុងទឹកដោះគោ ហើយចេញមកវិញក៏ស្រែកហៅនិងដើររកចៅស្រាប់តែប្រទះឃើញចៅនៅក្នុងទឹកបៀរខាងមុខផ្ទះទើបបង្កការភ្ញាក់ផ្អើលស្រែកហៅអ្នកភូមិឱ្យជួយស្រង់ចៅដាក់លើកគោកធ្វើចលនាដៃជើង តែអកុសលហួសពេលទៅហើយ។
តាមការពិនិត្យរបស់សមត្ថកិច្ចស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងលោកគ្រូពេទ្យបង្អែកស្រុកស្វាយទាប និងជំនាញបច្ចេកទេសបានពិនិត្យឃើញថា នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមរបួសអ្វីទេ គឺសពនេះស្លាប់ដោយសារលង់ទឹកបៀរពិតប្រាកដមែន។
បន្ទាប់មកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន