ស្ថាប័នគ្រប់គ្រងកីឡាប្រដាល់អាជីពរបស់ចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃសុក្រ ទី១១ ខែមីនាថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ្នកប្រដាល់ដែលបានចុះឈ្មោះ ឬមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសបេឡារូសដើម្បីប្រយុទ្ធនៅចក្រភពអង់គ្លេសនោះទេ។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាគ្រប់គ្រងកីឡាប្រដាល់របស់អង់គ្លេសធ្វើឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មកីឡាជាសាកលក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ មិនមានការប្រកួតអាជីពធំណាមួយក្នុងប្រទេសអង់គ្លេសទេ ដែលគ្រោងនឹងចូលរួមជាមួយអ្នកប្រដាល់មកពីរុស្ស៊ី ឬបេឡារូស។
ម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាលជនជាតិរុស្ស៊ី កីឡាករ Dmitry Bivol នឹងត្រូវប្រកួតជាមួយកីឡាករម៉ិកស៊ិក Saul Canelo Alvarez ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ WBA ដ៏ល្បីនៅទីក្រុង Las Vegas នៅថ្ងៃទី៧ ខែឧសភាខាងមុខដែលការប្រកួតនេះប្រឈមនឹងការទាមទារឱ្យលុបចោល។
អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក Wladimir Klitschko របស់អ៊ុយក្រែន ដែលបងប្រុសរបស់គាត់ឈ្មោះ Vitali ជាអភិបាលក្រុង Kyiv បានប្រាប់ BBC ថា ការប្រកួតមិនគួរត្រូវបានអនុញ្ញាតឱ្យបន្តទេ។
សូមបញ្ជាក់ថា យោងតាមការប្រកាសរបស់ FIFA កីឡាករបាល់ទាត់បរទេសដែលកំពុងលេងក្នុងប្រទេសរុស្ស៊ីអាចផ្អាកកុងត្រា និងចាកចេញពីប្រទេសនេះជាបណ្ដោះអាសន្ន ព្រោះតែការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនជាបន្តបន្ទាប់។ ក្លិបបាល់ទាត់រុស្ស៊ី និងក្រុមជម្រើសជាតិរុស្ស៊ីត្រូវបានផ្អាកពីការប្រកួតទាំងអស់កាលពីសប្តាហ៍មុន រហូតដល់មានការជូនដំណឹងបន្ថែមដោយ FIFA និង UEFA។ ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីបានឲ្យដឹងដែរថា ខ្លួននឹងទៅតុលាការអាជ្ញាកណ្តាលកីឡា (CAS) ដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការហាមឃាត់របស់ខ្លួនពីការប្រកួតអន្តរជាតិនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/BBC)