ខេត្តស្វាយរៀង ៖ បុរសជាជាងផ្សារដែកម្នាក់ខណ:ឈរលើរន្ទាដើម្បីផ្សារបង្គោលសំយាបផ្ទះ តែចៃដន្យឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងមិត្តរួមអាជីពជួយសង្គ្រោះប្រញាប់ប្រញាល់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ស្ថិតក្នុងភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ធឿន សាលី អាយុ២៦ឆ្នាំ មុខរបរជាងដែក រស់នៅភូមិស្វាយ សង្កាត់ ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ចំណែកម្ចាស់ផ្ទះមានឈ្មោះ អ៊ុង សារឿន ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានមកផ្សារដែកនៅផ្ទះឈ្មោះអ៊ុង សារឿន នៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងដូចសព្វដង។
ក្រោយមកស្រាប់តែជនរងគ្រោះបានឡើងឈរលើរន្ទាដើម្បីផ្សារបង្គោលសំយាបផ្ទះ តែចៃដន្យអាក្រក់ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆក់បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងមិត្តភក្តិរួមអាជីពជួយសង្គ្រោះប្រញាប់ប្រញាល់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ដោយសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែជនរងគ្រោះឈរលើរន្ទាផ្សារបង្គោលសំយាបផ្ទះស្រាប់តែឆ្លងចរន្តអគ្គិសនីបែបនេះតែម្ដង៕
ដោយ៖យឹម សុថាន